(ឡុងដ៍)៖ ក្រុមហ៊ុនលក់ដេញថ្លៃនៅអង់គ្លេស គ្រីស្ទី (Christie's) បានប្រកាសដាក់លក់របស់របរចំនួន ២២មុខ ដែលបានបន្សល់ទុកដោយអ្នកវិទ្យាសាស្រ្តដ៏ល្បីឈ្មោះលើពិភពលោក គឺលោក ស្ទេហ្វិន ហរឃីង (Stephen Hawking)។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។
វត្ថុដែលនឹងត្រូវដាក់ឲ្យដេញថ្លៃ នឹងរួមមានឯកសារស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តមួយចំនួនរបស់លោក Hawking ព្រមទាំងកៅអីទំនើបរបស់អ្នកវិទ្យាសាស្រ្តរូបនេះ។ សម្រាប់ឯកសារស្រាវជ្រាវវិទ្យាសាស្រ្ត ដែលរួមមានឯកសារថតចម្លងមួយក្នុងចំណោម ០៥សន្លឹក នៃនិក្ខេបបទ Ph.D. របស់ Hawking នឹងត្រូវដាក់ដេញថ្លៃក្នុងតម្លៃពី ១០០,០០០ ទៅ ១៥០,០០០ផោន ប្រហែលស្មើនឹង ១៣០,០០០ ទៅ ១៩៥,០០០ដុល្លារអាមេរិក។
រីឯកៅអីទំនើបមួយគ្រឿងរបស់លោក Hawking នឹងត្រូវដាក់លក់ដេញថ្លៃក្នុងតម្លៃពី ១០,០០០ ទៅ ១៥,០០០ផោន ដែលស្មើនឹង ១៣,០០០ ទៅ ១៩,៥០០ដុល្លារ ខណៈទឹកប្រាក់ដែលទទួលបានពីការដេញថ្លៃកៅអីនេះ នឹងត្រូវបរិច្ចាគទៅក្នុងមូលនិធិសប្បុរសធម៌។ គួរជម្រាបថា ការលក់ដេញថ្លៃខាងលើ នឹងប្រព្រឹត្តទៅតាមអនឡាញ នាថ្ងៃទី៣១ ខែតុលា ខាងមុខនេះ៕