(សាន់ហ្វ្រាន់ស្កូ)៖ ក្រុមហ៊ុន YouTube បានប្រកាសបោះទុនវិនិយោគទំហំ ២០លានដុល្លារ ទៅលើការបង្កើតវីដេអូ និងកម្មវិធីអប់រំ ក្រោមគោលបំណងពង្រីកកិច្ចផ្តួចផ្តើមរបស់ខ្លួន ក្នុងការគាំទ្រដល់មនុស្សនៅទូទាំងពិភពលោក ធ្វើការចែករំលែកក៏ដូចជាស្វែងរកចំណេះដឹងតាមវែបសាយវីដេអូដ៏ធំនៅលើពិភពលោកនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។
YouTube បានឲ្យដឹងថា ក្រុមហ៊ុនកំពុងបង្កើតកម្មវីធី Learning Fund ថ្មីមួយ ដើម្បីគាំទ្រដល់ Channel នានា ដែលបានបង្កើតវីដេអូផ្តល់ចំណេះដឹងល្អៗជាងគេនៅលើ YouTube ដែលជាវែបសាយចែករំលែកវីដេអូធំជាងគេបង្អស់លើលោក ដោយវីដេអូទាំងនោះគ្របដណ្តប់លើប្រធានបទទូលំទូលាយជាច្រើន រួមមានចាប់តាំងពីជំនាញនៅក្នុងអាជីពនីមួយៗ ដូចជាបច្ចេកទេសនៃការសម្ភាស៍ការងារនិងការសរសេរ CV រហូតដល់ចំណេះដឹងពីមុខវិជ្ជាវិទ្យាសាស្រ្ត កុំព្យូទ័រ ដូចជាការសរសេរ Code បង្កើត Game ជាដើម។
គួរជម្រាបថា សម្រាប់ការវិនិយោគជុំទីមួយ YouTube បានផ្តល់មូលនិធិគាំទ្រដល់ Channel ធំៗមួយចំនួនរួចស្រេចទៅហើយ ដូចជា TED-Ed ជាដើម ដែលជា Channel ផ្តល់ការអប់រំចំណេះដឹងទូទៅយ៉ាងទូលំទូលាយ និងមានអ្នកគាំទ្ររាប់លាននាក់ទូទាំងសកលលោកផងដែរ ហើយ Youtube កំពុងសំឡឹងមើល Channel ដ៏ទៃៗទៀតក្នុងទិសដៅអប់រំ ដែលទទួលបានភាពវិជ្ជមានច្រើនបំផុតពីអ្នកទស្សនា៕