(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អាជ្ញាធរតៃវ៉ាន់ នៅថ្ងៃចន្ទនេះ បានឱ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់រថភ្លើងរអិលធ្លាក់ផ្លូវកាលពីរសៀល ថ្ងៃអាទិត្យ បានកើនដល់២២នាក់ និង១៨៧នាក់ផ្សេងទៀតរងរបួស ក្នុងនោះមាន១០នាក់របួសធ្ងន់៕
២៖ ទីភ្នាក់ងារជនភៀសខ្លួនហ្គាតេម៉ាឡាបានទទួលស្គាល់ថា ជនភៀសខ្លួនបន្ថែមជាង ១,០០០នាក់ បានឆ្លងព្រំដែនពីប្រទេសហុងដូរ៉ាស់ កាលពីថ្ងៃអាទិត្យ ហើយដែលនេះបានធ្វើឱ្យចំនួនជនភៀសខ្លួនអាមេរិកកណ្ដាល ធ្វើដំណើរទៅកាន់ព្រំដែន អាមេរិក និងម៉ិចសីកូកើនដល់ ៥,០០០នាក់៕
៣៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានកត់សម្គាល់ថា ឥណ្ឌាមិនដែលមានមហិច្ឆតាទន្ទា្រញយកទឹកដីប្រទេសដទៃណាមួយឡើយ ប៉ុន្តែទន្ទឹមគ្នានេះលោកក៏បានព្រមានទៅវិញថា ឥណ្ឌានឹងប្រើប្រាស់កម្លាំងយោធាទ្វេដង ដើម្បីកម្ទេចសត្រូវដែលហ៊ានមកឈ្លានពាន ដែនអធិបតេយ្យភាពរបស់ខ្លួន។
៤៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) នាថ្ងៃចន្ទនេះបានធ្វើដំណើរមកដល់ទីក្រុងម៉ូស្គូ ដើម្បីបើកកិច្ចប្រជុំជាមួយមន្រ្តីជាន់ខ្ពស់រុស្ស៉ី ក្នុងនោះមានទាំងរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក ស៉ើ ហ្គៃឡាវរ៉ូវ (Sergei Lavrov) និងទីប្រឹក្សាសន្តិសុខជាតិរុស្ស៉ី លោក នីកូឡៃ ផាទ្រូស្សេវ (Nikolai Patrushev) ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានដកសហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ INF៕
៥៖ កម្រិតប្រជាប្រិយភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកាខាងមុខនេះ ត្រូវគេមើលឃើញថា មានអត្រាខ្ពស់ជាងកម្រិតប្រជាប្រិយភាព របស់អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា នៅមុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិកាលពីឆ្នាំ២០១០៕
៦៖ ស្តេចអារ៉ាប៊ីសាអូឌីត ព្រះចៅ សាល់ម៉ាន់ ប៊ីន អាប់ឌុលឡាស៊ីស អាល់ ហ្សូដ (Salman bin Abdulaziz Al Saud) និងព្រះអង្គម្ចាស់ស្នងរាជ្យ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) បានចូលរួមរំលែកទុក្ខក្រុមគ្រួសាររបស់លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) ជុំវិញការបាត់បង់ជិវិតរបស់អ្នកកាសែតរូបនេះ នៅក្នុងប្រទេសតួកគី៕