(ប៉េកាំង)៖ ប្រទេសចិនបានបង្ហាញក្តីព្រួយបារម្ភ និងអំពាវនាវឲ្យសហរដ្ឋអាមេរិក សហព័ន្ធរុស្ស៊ី និងបណ្តាប្រទេសដែលពាក់ព័ន្ធបើកកិច្ចពិភាក្សាគ្នា ដើម្បីធ្វើការចរចាឡើងវិញអំពីសន្ធិសញ្ញាស្តីពីការចាត់ចែង កងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យមហៅកាត់ថា INF។ នេះបើតាមការសេចក្តីថ្លែងការណ៍ ចេញដោយក្រសួងការបរទេសចិន ដែលត្រូវបានដកស្រង់ដោយ ស៊ីនហួរ នាយប់ថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា ប្រទេសរបស់លោកនឹងដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF ដែលសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត (រុស្ស៊ីបច្ចុប្បន្ន) បានចុះហត្ថលេខាជាមួយគ្នា កាលពីឆ្នាំ១៩៨៧ ដែលសន្ធិសញ្ញាកាលណោះ គឺតម្រូវឲ្យមហាអំណាចដែលកំពុងប្រជែងគ្នាទាំងពីរ ធ្វើការកាត់បន្ថយចំនួននៃគ្រាប់មីស៊ីល-នុយក្លេអ៊ែរ ទាំងប្រភេទរយៈចម្ងាយជិត និងមធ្យម។
ទោះបីជាបែបនេះក្តី សហរដ្ឋអាមេរិកបានចោទប្រទេសរុស្ស៊ីថា បានរំលោភលើសន្ធិសញ្ញាកាលពីឆ្នាំ១៩៨៧នោះ ដោយបានធ្វើការលួចដាក់ពង្រាយអាវុធហាមឃាត់ខាងលើនេះ រួមជាមួយនឹងប្រទេសចិន បើទោះបីជាចិន និងរុស្ស៊ីកន្លងមកបានសន្យាថា នឹងបញ្ឈប់ដំណើរការអភិវឌ្ឍ និងផលិតអាវុធប្រភេទខាងលើនេះទៅហើយក៏ដោយ។
ឆ្លើយតបជុំវិញការលើកឡើងខាងលើនេះ ក្រសួងការបរទេសចិនបានចេញមុខស្រាយអំភ្លឺ និងអំពាវនាវយ៉ាងដូច្នេះថា «វាគឺជារឿងដែលខុសខ្លាំងណាស់ ដែលសហរដ្ឋអាមេរិក ធ្វើការផ្សារភ្ជាប់ប្រទេសចិន ទៅជាមូលហេតុដែលធ្វើឲ្យទីក្រុងវ៉ាស៊ីនតោន ដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរនោះ»។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង បានសង្កត់ធ្ងន់ថា «ការដកខ្លួនជាឯកតោភាគីរបស់អាមេរិកចេញពី INF នឹងបង្កជាផលប៉ះពាល់អវិជ្ជមាន ដល់បណ្តាប្រទេសដែលពាក់ព័ន្ធ។ ដូច្នេះប្រទេសចិនសូមអំពាវនាវឲ្យបណ្តាប្រទេសពាក់ព័ន្ធបើកកិច្ចពិភាក្សា និងចរចាគ្នា ហើយធ្វើការគិតគូរឲ្យបានទ្វេដង មុននឹងសម្រេចចិត្តដកខ្លួនចេញពីសន្ធិសញ្ញា...»៕