(ម៉ូស្គូ)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) នាថ្ងៃចន្ទនេះបានធ្វើដំណើរមកដល់ទីក្រុងម៉ូស្គូ ដើម្បីបើកកិច្ចប្រជុំជាមួយមន្រ្តីជាន់ខ្ពស់រុស្ស៉ី ក្នុងនោះមានទាំងរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក ស៉ើ ហ្គៃឡាវរ៉ូវ (Sergei Lavrov) និងទីប្រឹក្សាសន្តិសុខជាតិរុស្ស៉ី លោក នីកូឡៃ ផាទ្រូស្សេវ (Nikolai Patrushev) ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានដកសហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ INF។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។
បើតាមប្រមុខការទូតរុស្ស៉ី ទីក្រុងវ៉ាស៉ីនតោន នៅតែទាន់ចាប់ផ្តើមអនុវត្តន៍នីតិវិធីនៃការដកខ្លួនចេញពីសន្ធិសញ្ញា IFN ដែលមានអាយុកាលជាងបីទសវត្សរ៍នៅឡើយទេ។ ទន្ទឹមនឹងនេះ លោក Lavrov បានព្រមានថា ប្រសិនបើអាមេរិកហ៊ានដើរចេញពីសន្ធិសញ្ញា INF មែននោះ ទីក្រុងម៉ូស្គូនឹងចេញមុខប្រឆាំងដាច់ខាត ហើយចាត់វិធានការតបស្នងទៅវិញ។ ម៉្យាងវិញទៀត លោក Lavrov ក៏បានបញ្ជាក់ថា រុស្ស៊ីត្រៀមលក្ខណៈរួចជាស្រេចដើម្បីចរចាបន្តសន្ធិសញ្ញានុយក្លេអ៊ែរមួយទៀត គឺ New START ឡើងវិញផងដែរ។
សម្រាប់លោក ដូណាល់ ត្រាំ ការព្រមានដកសហរដ្ឋអាមេរិក ចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF គឺដោយសារតែលោកជឿជាក់ថា រុស្ស៉ីបានរំលោភបំពានលើកិច្ចព្រមព្រៀងនេះ ខណៈទីក្រុងម៉ូស្គូវិញ បានច្រានចោលការចោទប្រកាន់នេះថា គឺជាចេតនារបស់អាមេរិក ក្នុងការបិទបាំងការបំពានរបស់ខ្លួនឯងតែប៉ុណ្ណោះ។
គួរជម្រាបថា សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ INF (Intermediate-Range Nuclear Forces) ត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតកាលពីឆ្នាំ១៩៨៧ ដែលជាជំហានដ៏សំខាន់មួយឈានទៅរកការកាត់បន្ថយការប្រឈម មុខដាក់គ្នារវាងមហាអំណាចធំៗទាំងពីរ កាលពីសម័យសង្គ្រាមត្រជាក់។ សន្ធិសញ្ញាបានហាមឃាត់ចំពោះការដាក់ពង្រាយប្រភេទ មីស៊ីលដែលអាចបាញ់ចេញពីផ្ទៃដីក្នុងរយៈចំងាយចន្លោះ៥០០ ដល់ ៥,៥០០គីឡូម៉ែត្រ៕