(ម៉ូស្គូ)៖ បុគ្គលពីររូបដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា ដើម្បីបញ្ជាក់ថា ទ្រឹស្តីរបស់ពួកគេជុំវិញទីតាំងធ្លាក់យន្តហោះដឹកអ្នកដំណើរ MH370 របស់ម៉ាឡេស៉ី គឺជាការពិតនោះ ទីបំផុតបានបោះបង់ចោលបេសកកម្មរបស់ខ្លួនវិញ ដោយថា វាផ្សងនឹងគ្រោះថ្នាក់ខ្លាំងពេក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។
លោក Ian Wilson ដែលជាអ្នកចង់ដឹងការពិតម្នាក់ និងជាអ្នកបានអះអាងថា ប្រទះឃើញទីតាំងធ្លាក់យន្តហោះ MH370 ដែលបានបាត់ដំណឹងយ៉ាងអាថ៌កំបាំង ក្នុងព្រៃនៃប្រទេសកម្ពុជា តាមរយៈរូបភាពលើប្រព័ន្ធផែនទី Google Maps ទីបំផុតបានបោះបង់ចោលបេសកកម្មរបស់លោក។
កាលពីសប្តាហ៍មុន លោក Wilson រួមជាមួយលោក Jack ដែលជាបងប្អូននឹងគ្នា បានធ្វើដំណើរចម្ងាយ៨គីឡូម៉ែត្រ ចូលទៅក្នុងតំបន់ព្រៃនៃប្រទេសកម្ពុជា។ ទីតាំងដែលអ្នកទាំងពីរសង្ស័យថា ជាកន្លែងធ្លាក់យន្តហោះ គឺស្ថិតនៅចម្ងាយប្រហែលជាង០៦គីឡូម៉ែត្រ ភាគខាងជើងភ្នំឱរ៉ាល់ ដែលជាភ្នំខ្ពស់បំផុតនៅកម្ពុជា ហើយផ្លូវធ្វើដំណើរទៅកាន់ទីនោះ គឺត្រូវឆ្លងកាត់ព្រៃត្រូពិចក្រាស់ៗ ដែលពោពេញដោយទឹកជ្រោះ និងដុំថ្មធំៗ។
ក្នុងដំណើរផ្សងព្រេងនេះ បងប្អូនជនជាតិអង់គ្លេសទាំងពីរនាក់ ក៏បានស្វែងរកជំនួយពីអ្នកនាំផ្លូវក្នុងតំបន់ផងដែរ ដើម្បីឆ្លងកាត់ឧបសគ្គលំបាកៗទាំងអស់នេះ។ យ៉ាងណាមិញ ក្រោយមកទៀតក្រុមអ្នកនាំផ្លូវ ក៏បានឲ្យដឹងថា ពួកគេមិនអាចបន្តដំណើរទៅមុខបានទៀតនោះទេ ដែលជាសញ្ញាជំរុញឲ្យអ្នកប្រមាញ់រកយន្តហោះ MH370 ទាំងពីរនាក់ បោះបង់ចោលការប្រឹងប្រែងរបស់ពួកគេ ក្នុងការទម្លាយអាថ៌កំបាំង នៅពីក្រោយការបាត់យន្តហោះនេះ។
កន្លងទៅនេះ លោក Ian Wilson ធ្លាប់បានអះអាង លោកបានប្រទះឃើញយន្តហោះ MH370 បន្ទាប់ពីចំណាយពេលរាប់ម៉ោងពិនិត្យមើលផែនទី Google Maps។ លោក Wilson មានការជឿជាក់ខ្ពស់ ចំពោះការអះអាងរបស់លោក ទោះបីជាអ្នកជំនាញជាច្រើនរូប ពុំបានយល់ឃើញយ៉ាងដូច្នោះក៏ដោយ។ អ្នកជំនាញបានប្រកែកថា អ្វីដែលលោក Wilson មើលឃើញ និងអះអាងថា ជាយន្តហោះ MH370 ដែលបាត់ដំណឹង កំពុងនៅលើដីនោះ តាមពិតអាចជារូបភាពយន្តហោះណាមួយ ដែលហោះកាត់ចំពេលផ្កាយរណប Google Maps ផ្តិតយករូបភាពដោយចៃដន្យទៅវិញទេ។
ដោយឡែក Google Maps ទើបតែបានអាប់ដេត (Update) រូបភាពរបស់ខ្លួននៃតំបន់ក្នុងប្រទេសកម្ពុជា ហើយអ្វីដែលលោក Wilson បានអះអាងថា ជាទីតាំងធ្លាក់យន្តហោះនោះ គឺស្ថិតនៅកន្លែងដដែល នៅលើរូបភាពផ្កាយរណប ដែលថតបានរវាងឆ្នាំ២០១៥ និងឆ្នាំ២០១៧។
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជា លោក ស៊ិន ចាន់សិរីវុត្ថា បានថ្លែងអះអាងថា ចំពោះព័ត៌មានដែលថា យន្តហោះ MH370 ធ្លាក់នៅកម្ពុជានោះ មិនមែនជាការពិតឡើយ។ លោកថា ប្រទេសម៉ាឡេស៊ី ក៏មិនបានទាក់ទងមកកម្ពុជាដែរពាក់ព័ន្ធករណីនេះ ហើយគណៈកម្មការស្វែងរកយន្តហោះ MH370 ក៏បានប្រកាសបិទបញ្ចប់ហើយ នូវការស្វែងរកយន្តហោះនេះ។
គួរជម្រាបថា យន្តហោះនៃអាកាសចរណ៍ម៉ាឡេស៉ី MH370 ដែលជាប្រភេទ Boeing ដឹកមនុស្ស ២៣៩នាក់ នៅពេលដែលវាបានបាត់ចេញពីប្រព័ន្ធរ៉ាដា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ តាមផ្លូវធ្វើដំណើរពីទីក្រុងគូឡាឡាំពួ ទៅកាន់ទៅក្រុងប៉េកាំង នាអំឡុងពេលផ្ទេរការគ្រប់គ្រងពីស្ថានីយត្រួតពិនិត្យ ចរាចរណ៍ផ្ទៃអាកាសនៃប្រទេសម៉ាឡេស៉ី ទៅកាន់ប្រទេសវៀតណាម។
រហូតមកទល់ពេលនេះ មានតែបំណែកមួយចំនួនតូចប៉ុណ្ណោះ ដែលគេជឿជាក់ថា ជាផ្នែករបស់យន្តហោះ MH370 ត្រូវបានរកឃើញនៅតាមទីតាំងខុសៗគ្នា រួមមានកោះបារាំង Reunion នៅមហាសមុទ្រឥណ្ឌា និងនៅអាហ្វ្រិកខាងត្បូង ព្រមទាំងនៅប្រទេសម៉ូហ្សាំប៊ិចជាដើម។
ជាច្រើនឆ្នាំកន្លងផុតទៅ នៅតែមិនអាចរកឃើញទីតាំងពិតប្រាកដដែលយន្តហោះធ្លាក់ អាជ្ញាធរម៉ាឡេស៉ីទីបំផុតបានទទួលស្គាល់ កាលពីខែកក្កដាកន្លងទៅថា ពួកគេមិនអាចរកឃើញថា មានអ្វីបានកើតឡើងចំពោះយន្តហោះនេះឲ្យជាក់ច្បាស់ឡើយ។ ប្រធានក្រុមស៉ើបអង្កេតរបស់រដ្ឋាភិបាលម៉ាឡេស៉ី បាននិយាយថា យន្តហោះ MH370 ត្រូវបានគេប្តូរទៅគ្រប់គ្រងដោយដៃ មុនពេលបាត់ចេញពីរ៉ាដា ដែលប្រការនេះបានជំរុញដល់ទ្រឹស្តីដែលថា យន្តហោះដឹកអ្នកដំណើរនេះត្រូវបានគេលុកលុយតាមបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងពីចម្ងាយ ឬក៏ត្រូវបានអាកាសយានិកបញ្ជាទម្លាក់ចូលទៅក្នុងសមុទ្រ ក្នុងន័យសម្លាប់ខ្លួនឯង ក៏ដូចជាអ្នកដំណើរទាំងអស់៕