(ឡុងដ៍)៖ អាផាតមិនច្រើនជាង ៤១,០០០បន្ទប់ ដែលស្ថិតនៅក្នុងតំបន់មានអគារខ្ពស់ៗ នៅទូទាំងចក្រភពអង់គ្លេស ត្រូវបានគេរកឃើញថាមានបញ្ហារចនាសម្ព័ន្ធ ដែលអាចបង្កឱ្យមានគ្រោះមហន្តរាយធ្ងន់ធ្ងរ ជាងអគ្គិភ័យឆាបឆេះអគារ Grenfell កាលពីឆ្នាំ ២០១៧ នោះទៅទៀត។ នេះបើតាម Independent ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។
សារព័ត៌មានអង់គ្លេស Independent ផ្អែកលើឯកសារដែលខ្លួនទទួលបាន បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ប្រជាជនអង់គ្លេសប្រមាណ ១០០,០០០នាក់ នៅក្នុងចក្រភពអង់គ្លេសកំពុងរស់នៅតាមអាផាតមិន ឬអគារស្នាក់នៅមានកម្ពស់ ខ្ពស់ៗដែលសុទ្ធតែមានកំហុសឆ្គងផ្នែករចនាសម្ព័ន្ធ ជាមួយការព្រួយបារម្ភថាវានឹងធ្វើឱ្យអគារដួលរលំ។
សារព័ត៌មានអង់គ្លេសមួយនេះបានឱ្យដឹងទៀតថា អគារចំនួន ៥៧៥ទីតាំង ក្នុងនោះមានពីរទីតាំងនៅក្នុងទីក្រុងឡុងដ៍ ត្រូវបានសាងសង់ឡើងដោយប្រព័ន្ធ Large Panel System (LPS) ជាប្រព័ន្ធត្រូវគេប្រើតាំងតែពីឆ្នាំ១៩៦០ និង១៩៧០ ខណៈអ្នកជំនាញខ្លះជឿជាក់ថា ប្រើប្រាស់ LPS អាចធ្វើឱ្យអគារមានស្នាមប្រេះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ មនុស្សយ៉ាងហោចណាស់ ៧២នាក់ បានស្លាប់នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះអគារ Grenfell ហើយបញ្ហាប្រព័ន្ធសាងសង់ និងកំហុសឆ្គងរចនាសម្ព័ន្ធត្រូវបានគេចាត់ទុកថា ជាមូលហេតុចម្បងបង្កឱ្យមានអគ្គីភ័យ ដ៏អាក្រក់នេះ៕