(ឡុងដ៍)៖ រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត ខាលីដ អាល់ហ្វាលី (Khalid al-Falih) បាននិយាយថា អារ៉ាប៊ីសាអូឌីតគ្មានបំណងបញ្ឈប់ការលក់ប្រេងឱ្យបណ្ដាប្រទេសលោកខាងលិច ដូចដែលខ្លួនធ្លាប់បានធ្វើកាលពីឆ្នាំ១៩៧៣ ឡើយហើយថានឹងមិនយកបញ្ហាប្រេង ទៅលាយឡំនឹងរឿងនយោបាយជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។
លោក Khalid al-Falih ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយនឹងទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃចន្ទនេះ ក្នុងបរិបទដែលបណ្ដាប្រទេសលោកខាងលិច កំពុងពិចារណាលើការដាក់ទណ្ឌកម្ម ប្រឆាំងនឹងទីក្រុងរីយ៉ាដ ជុំវិញការស្លាប់របស់អ្នកសារព័ត៌មានលោក Jamal Khashoggi នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូលប្រទេសតួកគី។
ដោយឡែកនៅពេលត្រូវបានសាកសួរថា តើទីក្រុងរីយ៉ាដអាចនឹងបញ្ឈប់ការលក់ប្រេង ឱ្យបណ្ដាប្រទេសខាងលោកខាងលិចដូចឆ្នាំ១៩៧៣ ដែរ ឬទេ? រដ្ឋមន្ត្រីថាមពលរូបនេះ បានបញ្ជាក់ថា អារ៉ាប៊ីសាអូឌីតគ្មានបំណងធ្វើដូច្នេះទេ... ហើយយើងនឹងមិនបញ្ហា ប្រេងទៅលាយឡំនឹងរឿងនយោបាយជាដាច់ខាត»។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា ទីក្រុងរីយ៉ាដនឹងចាត់វិធានការឆ្លើយតបទៅនឹង រាល់ការដាក់ទណ្ឌកម្មពីសំណាក់បរទេស ហើយក្នុងនោះវិធានការប្រេង និងគំរោងទិញអាវុធ អាចនឹងត្រូវប្រើប្រាស់ជាមធ្យោបាយប្រឆាំងនឹងទណ្ឌកម្ម៕