(ម៉ូស្គូ)៖ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសបែលឡារុស លោក មីឃែល បាប៊ិច (Mikhail Babich) បាននិយាយថា ទីក្រុងម៉ូស្គូនឹងចាត់ទុករាល់ការវាយប្រហារណាមួយ ពីបរទេសប្រឆាំងនឹងបែលឡារុស គឺជាការវាយប្រហារប្រឆាំងនឹងរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់លោក Mikhail Babich ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ Belarus 1 កាលពីថ្ងៃអាទិត្យ និងជាការឆ្លើយតបមួយ ទៅនឹងគំរោងបង្កើនវត្តមានយោធារបស់អង្គការណាតូ នៅក្បែរតំបន់ព្រំដែនបែលឡារុស និងរុស្ស៊ី។ ថ្លែងនាឱកាសនោះ អគ្គរដ្ឋទូតរុស្ស៊ីរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រាល់ការវាយប្រហារណាមួយពីបរទេសប្រឆាំង បែលឡារុសនឹងត្រូវបានចាត់ទុកថា ជាការវាយប្រហារប្រឆាំងនឹងរុស្ស៊ី ដែលត្រូវតែចាត់វិធានការឆ្លើយតបវិញជាដាច់ខាត»។
គួររំលឹកថា ក្រោយជំនួបជាមួយប្រធានាធិបតីប៉ូឡូញ លោក អានហ្សេច ឌូដា (Andrzej Duda) កាលពីខែកញ្ញាកន្លងទៅ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា ទីក្រុងវាស៊ីនតោននឹងពិចារណាលើ ការសាងសង់មូលដ្ឋានយោធាអចិន្រ្តៃយ៍មួយ នៅក្នុងប្រទេសប៉ូឡូញ។ ក៏ប៉ុន្តែទីក្រុងម៉ូស្គូចាត់ទុកថា គំរោងនេះគឺជាទង្វើរំលោភលើកិច្ចព្រមព្រៀងរវាងណាតូ និងរុស្ស៊ី។
អង្គការណាតូ បានបង្កើនការពង្រីកវត្តមានយោធារបស់ខ្លួន តាំងតែពីឆ្នាំ២០១៤មកម្ល៉េះ នៅតាមបណ្ដាប្រទេសអឺរ៉ុបខាងកើត ដែលមានព្រំដែនជាប់រុស្ស៊ីក្រោយទីក្រុងម៉ូស្គូបានក្រសោបយកតំបន់គ្រីមៀពីអ៊ុយក្រែន និងបន្តពង្រីកឥទ្ធិពលនៅឯតំបន់ភាគខាងកើត នៃប្រទេសអ៊ុយក្រែន តាមរយៈការគាំទ្រចលនាឧទ្ទាមបំបែករដ្ឋ៕