(ហ្គាតេម៉ាឡា)៖ ទីភ្នាក់ងារជនភៀសខ្លួនហ្គាតេម៉ាឡាបានទទួលស្គាល់ថា ជនភៀសខ្លួនបន្ថែមជាង ១,០០០នាក់ បានឆ្លងព្រំដែនពីប្រទេសហុងដូរ៉ាស់ កាលពីថ្ងៃអាទិត្យ ហើយដែលនេះបានធ្វើឱ្យចំនួនជនភៀសខ្លួនអាមេរិកកណ្ដាល ធ្វើដំណើរទៅកាន់ព្រំដែន អាមេរិក និងម៉ិចសីកូកើនដល់ ៥,០០០នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមអាជ្ញាធមិចស៊ីកូ បច្ចុប្បន្នចំនួនជនភៀសខ្លួននៅឯតំបន់ព្រំដែនរវាងម៉ិចស៊ីកូ និងហ្គាតេម៉ាឡាមានកើនឡើងដល់ ២,០០០នាក់ បើទោះជាអាជ្ញាធរមិនទាន់អាចកំណត់ថា ពួកគេធ្វើដំណើរមកពីប្រទេសណាមួយ នៅក្នុងតំបន់ក៏ដោយ។ ដោយឡែកជាវិធានការឆ្លើយតប រដ្ឋាភិបាលមិចស៊ីកូ បានបញ្ជាឱ្យប៉ូលិសបិទទ្វារព្រំដែន សម្រាប់ជនភៀសខ្លួនដែលមិនមានលិខិត ស្នាមគ្រប់គ្រាន់។
លើសពីនេះទៅទៀតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ដែរថា ជនភៀសខ្លួនទាំងអស់ត្រូវស្វែងរកសិទ្ធិ ជ្រកកោននៅក្នុងប្រទេសមិចស៊ីកូជាមុនសិន បើពុំដូច្នោះទេ សហរដ្ឋអាមេរិកនឹងបណ្ដេញពួកគេ ឱ្យចេញឆ្ងាយពីតំបន់ព្រំដែនអាមេរិក។
គួរជម្រាបថា កាលពីសប្ដាហ៍មុនលោក ដូណាល់ ត្រាំ បានព្រមានម្ដងរួចមកហើយថា នឹងបញ្ជូនយោធាទៅកាន់តំបន់ព្រំដែនជាប់ជាមួយមិចស៊ីកូ ដើម្បីទប់ស្កាត់លំហូរជនភៀសខ្លួន មកកាន់តំបន់ព្រំដែនអាមេរិក៕