(វ៉ាស៉ីនតោន)៖ កម្រិតប្រជាប្រិយភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកាខាងមុខនេះ ត្រូវគេមើលឃើញថា មានអត្រាខ្ពស់ជាងកម្រិតប្រជាប្រិយភាព របស់អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា នៅមុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិកាលពីឆ្នាំ២០១០។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។
យោងតាមការស្ទង់មតិថ្មីៗនេះ ដោយសារព័ត៌មាន The Wall Street Journal បានបង្ហាញថា កម្រិតប្រជាប្រិយភាពរបស់លោក ត្រាំ ទទួលបាន ៤៧ភាគរយ ខណៈលោក អូបាម៉ា ក្នុងការស្ទង់មតិស្រដៀងគ្នានេះទទួលបាន ៤៥ភាគរយ នៅមុនការបោះឆ្នោតខែតុលា ឆ្នាំ២០១០។
កាលនោះកម្រិតប្រជាប្រិយភាពរបស់លោក អូបាម៉ា គឺជាអត្រាទាបបំផុត នៅមុនការបោះឆ្នោតពាក់កណ្តាលកាលពីខែតុលា ឆ្នាំ២០១០ ដែលគណបក្សប្រជាធិបតេយ្យ បានបាត់បង់អាសនៈក្នុងចំនួនច្រើនគួរសម ទាំងនៅក្នុងសភាតំណាងរាស្រ្ត និងព្រឹទ្ធសភា។
គួរជម្រាបថា ការបោះឆ្នោតនាខែវិច្ឆិកាខាងមុខនេះ ត្រូវបានគេមើលឃើញថា ប្រៀបដូចការធ្វើប្រជាមតិមួយ ដើម្បីវាយតម្លៃទៅលើលោក ដូណាល់ ត្រាំ និងទៅលើការដឹកនាំរយៈពេល ០២ឆ្នាំមកនេះរបស់លោក៕