(ញូដេលី)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានកត់សម្គាល់ថា ឥណ្ឌាមិនដែលមានមហិច្ឆតាទន្ទា្រញយកទឹកដីប្រទេសដទៃណាមួយឡើយ ប៉ុន្តែទន្ទឹមគ្នានេះលោកក៏បានព្រមានទៅវិញថា ឥណ្ឌានឹងប្រើប្រាស់កម្លាំងយោធាទ្វេដង ដើម្បីកម្ទេចសត្រូវដែលហ៊ានមកឈ្លានពាន ដែនអធិបតេយ្យភាពរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសុន្ទកថានាឱកាសចូលរួមទិវាប៉ូលិសជាតិកាលពីថ្ងៃអាទិត្យ លោក Modi បានលើកឡើងយ៉ាងដូច្នេះថា «ការពង្រឹងសមត្ថភាពយោធាឥណ្ឌា គឺដើម្បីការពារខ្លួនឯងតែប៉ុណ្ណោះ ហើយឥណ្ឌានឹងនៅតែប្រកាន់ខ្ជាប់គោលជំហរបែបនេះជានិច្ច នៅពេល អានាគត... ក៏ប៉ុន្តែមិនថានរណានោះទេ ឱ្យតែគំរាមកំហែងដល់ដែនអធិបតេយ្យភាពរបស់ឥណ្ឌា នោះពួកយើងនឹងឆ្លើយតបជាមួយ ការប្រើប្រាស់កម្លាំងយោធាទ្វេដង»។
គួរជម្រាបថា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទីក្រុងញូដេលីកំពុងស្វែរកកញ្ចប់ថវិកាយោធា ២៥០ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន សម្រាប់រយៈពេល ១០ឆ្នាំខាងមុខ។ ជាក់ស្ដែង ឥណ្ឌាបានចុះហត្ថលេខាជាមួយផ្លូវការហើយ ក្នុងការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-400 តម្លៃជាង ៥.៤ពាន់លានដុល្លារ ខណៈចិនក៏បានទទួលប្រព័ន្ធមីស៊ីលនេះជាបណ្ដើរៗហើយ ក្រោយការបញ្ជាទិញពីរុស្ស៊ីដូចគ្នា៕