(រីយ៉ាដ)៖ ស្តេចអារ៉ាប៊ីសាអូឌីត ព្រះចៅ សាល់ម៉ាន់ ប៊ីន អាប់ឌុលឡាស៊ីស អាល់ ហ្សូដ (Salman bin Abdulaziz Al Saud) និងព្រះអង្គម្ចាស់ស្នងរាជ្យ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) បានចូលរួមរំលែកទុក្ខក្រុមគ្រួសាររបស់លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) ជុំវិញការបាត់បង់ជិវិតរបស់អ្នកកាសែតរូបនេះ នៅក្នុងប្រទេសតួកគី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។
ជាការឆ្លើយតបលោក សាឡេហ៍ ខាហូកជី (Saleh Khashoggi) ដែលជាកូនប្រុសរបស់លោក Jamal បានថ្លែងអំណរគុណដល់រាជវង្សអារ៉ាប៊ីសាអូឌីត ចំពោះការចូលរួមរំលែកទុក។ លោក Jamal Khashoggi ដែលជាអ្នកកាសែតរបស់សារព័ត៌មានអាមេរិក The Washington Post បានបាត់ខ្លួន ចាប់តាំងតែពីគេប្រទះឃើញជាលើកចុងក្រោយ នៅពេលលោកចូលទៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ក្នុងទីក្រុងអ៉ីស្តង់ប៊ុលនៃប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលា។
គួរជម្រាបថា បើតាមការអះអាងកាលពីចុងសប្តាហ៍កន្លងទៅ អារ៉ាប៊ីសាអូឌីត បានប្រកាសទទួលស្គាល់ថា លោក Khashoggi ពិតជាបានស្លាប់មែន ប៉ុន្តែនៅក្នុងទំនាស់វាយតប់គ្នាមួយនៅស្ថានកុងស៊ុល ប៉ុន្តែមិនបានរៀបរាប់មូលហេតុលម្អិតឡើយ ហើយគេក៏មិនដឹងថា សាកសពរបស់អ្នកកាសែតរូបនេះបច្ចុប្បន្ននៅកន្លែងណាដែរ៕