(ប៉េកាំង)៖ សារព័ត៌មានរដ្ឋចិន China Daily បានរិះគន់យ៉ាងខ្លាំងលើលោក ម៉ៃក៍ ប៉ុមប៉េអូ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានព្រមានឱ្យបណ្ដាប្រទេសនៅក្នុងតំបន់អាមេរិកឡាទីន មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការវិនិយោគរបស់ចិន។ នេះបើតាមចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ប៉ុមប៉េអូ បានបំពេញដំណើរទស្សកិច្ចទៅកាន់តំបន់អាមេរិកឡាទីន កាលពីសប្ដាហ៍មុន ដើម្បី ជួបពិភាក្សាការងារជាមួយមេដឹកនាំម៉ិចស៊ីកូ និងប៉ាណាម៉ា។ ក៏ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្គាល់ គឺនៅពេលថ្លែងនៅចំពោះមុខ អ្នកសារព័ត៌មានក្នុងប្រទេសប៉ាណាម៉ា លោក ប៉ុមប៉េអូ បាននិយាយចំៗថា ប្រទេសទាំងអស់គួរតែបើកភ្នែកឱ្យធំៗសម្លឹងមើល និងមានការប្រុងប្រយ័ត្នចំពោះការវិនិយោគរបស់ចិន ដែលលោកផ្ទាល់យល់ថា តែងតែធ្វើឱ្យបណ្ដាប្រទេសទទួលយកជំនួយពី ប៉េកាំងកាន់តែជួបភាពយ៉ាប់យ៉ឺន ដោយសារតែអន្ទាក់បំណុល។
តែយ៉ាងណាក៏ដោយ នៅក្នុងអត្ថបទចុះផ្សាយនៅថ្ងៃចន្ទនេះ សារព័ត៌មានរដ្ឋចិន China Daily បានរិះគន់ និងទាត់ចោលការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ព្រមទាំងចាត់ទុកថា ការលើកឡើងនេះគ្មានការគោរពចំពោះចិន និងមានបំណងចង់បំបែក បំបាក់ទំនាក់ទំនងល្អរវាងចិន និងបណ្ដាប្រទេសក្នុងតំបន់អាមេរិកឡាទីនតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត សារព័ត៌មានរដ្ឋចិនមួយនេះក៏បានបញ្ជាក់ដែរថា ប្រទេសអាមេរិកឡាទីន ដឹងយ៉ាងច្បាស់ពីអ្វីដែលពួកគេចង់បាន មិនចាំបាច់សហរដ្ឋអាមេរិកមកជួយ ប្រាប់ថាត្រូវធ្វើនេះ ឬធ្វើនោះនោះទេ។
គួរជម្រាបថា បច្ចុប្បន្នចិនបានក្លាយទៅជាដៃគូពាណិជ្ជកម្ម ដ៏ធំមួយរបស់បណ្ដាប្រទេសជាច្រើន នៅក្នុងតំបន់អាមេរិកឡាទីន ជាពិសេសគឺប្រេស៊ីល អាហ្សង់ទីន និងឈីលី តាមរយៈគោលនយោបាយសេដ្ឋកិច្ច ខ្សែក្រវាត់ និងផ្លូវដែលត្រូវបានសហរដ្ឋអាមេរិកចាត់ទុកថា ជាអន្ទាក់បំណុលរបស់ចិន ប៉ុន្តែប្រទេសចិនបានច្រានចោលជាច្រើនលើកមកហើយ ចំពោះការចោទប្រកាន់នេះ៕