(ម៉ូស្គូ)៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov នៅថ្ងៃអាទិត្យនេះ បានចាត់ទុកថាការសម្រេចចិត្តដកខ្លួនចេញពី សន្ធិសញ្ញានុយក្លេអ៊ែរ INF ជាមួយរុស្ស៊ីរបស់សហរដ្ឋអាមេរិក គឺជាសកម្មភាពមួយដ៏គ្រោះថ្នាក់ ហើយថាទីក្រុងម៉ូស្គូនឹងចាត់ វិធានការឆ្លើយតប បើសិនជាទីក្រុងវ៉ាស៊ីនតោន នៅតែបន្តសម្រេចចិត្តឯកតោភាគីបែបនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន លោក Sergei Ryabkov បាននិយាយថា សហរដ្ឋអាមេរិក កំពុងមានចេតនាអាក្រក់ប្រឆាំង នឹងរុស្ស៊ី ខណៈលោក ដូណាល់ ត្រាំបានទទួលស្គាល់ថាសហរដ្ឋអាមេរិកអាចនឹងដកខ្លួនចេញពីសិន្ធិសញ្ញា INF។ បន្ថែមពីលើនេះ លោក Ryabkov ក៏បានច្រានចោលការចោទប្រកាន់របស់លោកត្រាំ ផងដែរ ដែលថារុស្ស៊ីបានរំលោភបំពានលើ INF ដោយ លោកយល់ថាការចោទប្រកាន់នេះគឺជាចេតនារបស់សហរដ្ឋអាមេរិក ក្នុងការបិទបាំងការរំលោភបំពានរបស់ខ្លួនឯងតែប៉ុណ្ណោះ។
តែទោះជាយ៉ាងណា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ នៅតែអះអាងដដែលថាទីក្រុងម៉ូស្គូ នឹងបន្តរក្សាកិច្ចសន្ទនាជាមួយ សហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាទាក់ទិននឹងសន្ធិសញ្ញា INF បើទោះជាលោកត្រាំ បានទទួលស្គាល់សេចក្ដីរាយការណ៍ របស់កាសែត New York Times ថាប្រធានាធិបតីអាមេរិករូបនេះនឹងដកសហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាស្តីពី អាវុធនុយក្លេអ៊ែររួមគ្នាជាមួយរុស្ស៊ី (INF) នៅសប្តាហ៍ក្រោយក៏ដោយ។
សូមជម្រាបថា សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ INF (Intermediate-Range Nuclear Forces) ត្រូវបានចុះហត្ថលេខាដោយ សហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតកាលពីឆ្នាំ១៩៨៧ ដែលជាជំហានដ៏សំខាន់មួយឈានទៅរកការកាត់បន្ថយការប្រឈម មុខដាក់គ្នារវាងមហាអំណាចធំៗទាំងពីរ កាលពីសម័យសង្គ្រាមត្រជាក់។ សន្ធិសញ្ញាបានហាមឃាត់ចំពោះការដាក់ពង្រាយប្រភេទ មីស៊ីលដែលអាចបាញ់ចេញពីផ្ទៃដីក្នុងរយៈចំងាយចន្លោះ៥០០ ដល់ ៥,៥០០គីឡូម៉ែត្រ៕