(កាប៊ុល) ៖ អាជ្ញាធរអាហ្វហ្កានីស្ថាន បានឱ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក នៅតាមមណ្ឌលបោះឆ្នោត ជាច្រើន នៅទូទាំងរដ្ឋធានី Kabul បានកើនដល់២៨នាក់ហើយ ខណៈមនុស្សជាង១០០នាក់ទៀតរងរបួស។ នេះបើតាមរដ្ឋមន្ត្រី មហាផ្ទៃអាហ្វហ្កានីស្ថាន លោក Wais Barmak ដកស្រង់ដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨។
យោងតាម លោក Wais Barmak ជនរងគ្រោះទាំង២៨នាក់ខាងលើមានទាំងកងកម្លាំងសន្តិសុខ និងជនស៊ីវិល។ លោក បន្ថែម ទៀតថាហេតុការណ៍ផ្ទុះគ្រាប់បែកច្នៃចំនួន ០៤ករណី បានកើតមានឡើង នៅក្នុងថ្ងៃបោះឆ្នោតសភា ដែលបានប្រព្រឹត្តទៅកាលពី ថ្ងៃសៅរ៍។ នេះគឺការបោះឆ្នោតសភាជាលើកដំបូង ក្នុងអំឡុងពេលជិត១០ឆ្នាំមកនេះនៅអាហ្វហ្គានីស្ថាន ហើយវាបានប្រព្រឹត្តទៅ ក្រោមការចូលរួមពីបេក្ខភាពជាង ២,៥០០រូប ដើម្បីប្រជែងយកអាសនៈចំនួន ២៤៩ នៅក្នុងសភាជាន់ទាបអាហ្វហ្គានីស្ថាន។
គួរជម្រាបថា មកទល់នឹងពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវលើការវាយប្រហានេះ នៅឡើយទេ
ក៏ប៉ុន្តែក្រុមតាលីបង់ និងក្រុម ISIS ធ្លាប់បានព្រមាន និងអំពាវនាវជាច្រើនឱ្យប្រជាជនអាហ្វហ្កានីស្ថាន កុំទៅចូលរួមបោះឆ្នោត សភានេះឱ្យសោះ៕