(អ៊ីស្រាអែល)៖ កូនប្រុសរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu គឺលោក Yair Netanyahu បានទទួល រងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីលោកបានប្រៀបប្រដូចពិធីការនីទូរទស្សន៍ Channel 2 ម្នាក់ជា«គោធាត់មួយក្បាល» ដោយសារតែការអធិប្បាយរិះគន់ឪពុករបស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨។
ការលើកឡើងរបស់លោក Yair Netanyahu ក៏បានបង្កផងដែរឱ្យមានការបញ្ចេញយោបល់យ៉ាងផុលផុស នៅលើបណ្ដាញ ទំនាក់ទំនងសង្គម Facebook ជាទីដែលពិធីការនីទូរទស្សន៍ Channel 2 អ្នកនាង Ophir Assayag បានហៅកូនប្រុស នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះថាជាមនុស្សគ្មានការអប់រំ និងរស់នៅចាយលុយសប្បាយដោយសារតែជំនួយពីរដ្ឋ។
ក៏ប៉ុន្តែ ជាការឆ្លើយតប លោក Yair បានការពារខ្លួនជាមួយការបង្ហោះសញ្ញាប័ត្រពីសាកលវិទ្យាល័យ Hebrew University និង អួតពីក្រុមហ៊ុនផ្ទាល់ខ្លួនរបស់លោក។ លើសពីនេះទៅទៀត លោកថែមទាំងបានចោទប្រកាន់ផងដែរថាអ្នកនាង Ophir Assayag បានដេកជាមួយបុរសមានប្រពន្ធម្នាក់ ដើម្បីឱ្យអាជីពរបស់ខ្លួនកាន់តែល្បី។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយដែល លោក Yair Netanyahu បង្កឱ្យមានភាពចម្រូងចម្រាស់របៀបនេះ។ ពោលគឺនៅពេលដែលតួកគី និងអ៊ីស្រាអែលមានភាពតានតឹងនឹងគ្នា កាលពីខែមិថុនាកន្លងទៅ លោកបានបង្ហោះរូបភាពមួយ សន្លឹកនៅលើ Instagram ជាមួយពាក្យ «F**k Turkey»៕