(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas បាននិយាយថាទីក្រុងប៊ែរឡាំង គួរតែពិចារណា ឡើងវិញលើការលក់អាវុធឱ្យប្រទេសអារ៉ាប៊ីសាអូឌីត រហូតទាល់តែការស៊ើបអង្កេតលើការស្លាប់របស់លោក Jamal Khashoggi បញ្ចប់ទាំងស្រុង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨។
លោក Heiko Maas ធ្វើការកត់សម្គាល់បែបនេះនៅក្នុងកម្មវិធីទូរទស្សន៍អាល្លឺម៉ង់ Tagesthemen កាលពីថ្ងៃសៅរ៍ (ម៉ោងនៅអាល្លឺម៉ង់) ដោយទំនងជាចង់សំដៅទៅលើការសម្រេចចិត្តលក់ប្រព័ន្ធកាំភ្លើងធំឱ្យអារ៉ាប៊ីសាអូឌីត របស់ ទីក្រុងប៊ែរឡំាង កាលពីខែមិថុនាកន្លងទៅ។ លោក Maas បានលើកឡើងដូច្នេះថា៖«បច្ចុប្បន្ន មិនមានហេតុផល ណាមួយក្នុងការអនុញ្ញាតដល់ការលក់អាវុធឱ្យទីក្រុងរីយ៉ាដនោះទេ ខណៈមូលហេតុស្លាប់របស់លោក Khashoggi នៅតែមានភាពស្រពិចស្រពិល»។
គួរបញ្ជាក់ថា រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសៅរ៍ បានទទួលស្គាល់ហើយថា លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) ដែលបាត់ខ្លួននោះ ពិតជាបានបាត់បង់ជីវិត ក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំនៅទីក្រុងអ៉ីស្តង់ប៊ុល នៃប្រទេសតួកគីប្រាកដមែន។ ប៉ុន្តែបានអះអាងថាការស្លាប់នោះគឺបង្កឡើងដោយទំនាស់វាយតប់គ្នា មិនមែនជាផែនការសម្លាប់ និងកាប់ជាកង់ៗដូចការអះអាងរបស់តួកគីនោះឡើយ។
បន្ថែមពីលើនេះ ជនជាតិអារ៉ាប៊ីសាអូឌីត ១៨នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ ខណៈប្រមុខទីភ្នាក់ងារស៊ើបការណ៍ សំងាត់ និងជាជំនួយការជាន់ខ្ពស់របស់ព្រះអង្គម្ចាស់រាជទាយាតអារ៉ាប៊ីសាអូឌីត គឺលោក Saud al-Qahtani ត្រូវបាន បណ្ដេញចេញពីតំណែងជុំវិញករណីឃាតកម្មនេះ៕