(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ហើយថាសហរដ្ឋអាមេរិកនឹងដកខ្លួន ចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ី ដោយចោទថាទីក្រុងម៉ូស្គូបានរំលោភបំពានលើសន្ធិសញ្ញានេះ។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨។
ការទទួលស្គាល់របស់លោក ដូណាល់ ត្រំា ធ្វើឡើងនៅពេលថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសៅរ៍ (ម៉ោងនៅ សហរដ្ឋអាមេរិក) និងបន្ទាប់ពីកាសែត New York Times បានរាយការណ៍ថាប្រធានាធិបតីអាមេរិករូបនេះនឹងដក សហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាស្តីពីអាវុធនុយក្លេអ៊ែររួមគ្នាជាមួយរុស្ស៊ី (INF) នៅសប្តាហ៍ក្រោយ។ ថ្លែងនាឱកាស នោះ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖«ខ្ញុំមិនដឹងនោះទេថាហេតុអ្វីបានជាប្រធានាធិបតីអូបាម៉ា មិនធ្វើការចរចា ឬដកខ្លួនចេញ...ពីព្រោះពួកគេ (រុស្ស៊ី) បានរំលោភបំពានលើសន្ធិសញ្ញា INF អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
សូមជម្រាបថា សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ INF (Intermediate-Range Nuclear Forces) ត្រូវបានចុះហត្ថលេខា ដោយសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតកាលពីឆ្នាំ១៩៨៧ ដែលជាជំហានដ៏សំខាន់មួយឈានទៅរកការ កាត់បន្ថយការប្រឈមមុខដាក់គ្នា រវាងមហាអំណាចធំៗទាំងពីរ កាលពីសម័យសង្គ្រាមត្រជាក់។ សន្ធិសញ្ញាក៏បាន ហាមឃាត់ផងដែរចំពោះការដាក់ពង្រាយប្រភេទមីស៊ីលដែលអាចបាញ់ចេញពីផ្ទៃដីក្នុងរយៈចំងាយចន្លោះ៥០០ ដល់ ៥,៥០០គីឡូម៉ែត្រ៕