(តួកគី)៖ លោក Khghashoggi ជាអ្នកកាសែតនៃសារព័ត៌មានអាមេរិក Washington Post និងជាអ្នករិះគន់លើព្រះអង្គម្ចាស់ Mohammed bin Salman នៃប្រទេស អារ៉ាប៊ីសាអូឌីត បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងក្នុងទឹកដីនៃប្រទេស តួកគី កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨កន្លងទៅនេះ ដោយគេជឿជាក់ថា ត្រូវបានសម្លាប់ដោយការកាត់ដងខ្លួនជាកំណាត់ៗទាំងរស់នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំប្រទេសតួកគី។ អាជ្ញាធរតួកគី កំពុងមមាញឹកក្នុងការស៊ើបអង្កេត ដោយសង្ស័យថាមានពាក់ព័ន្ធនឹងអង្គម្ចាស់នៃប្រទេស អារ៉ាប៊ីសាអូឌីត។
ខាងក្រោមជាព័ត៌មានលម្អិតជុំវិញឃាតកម្មរបស់អ្នកសារព័ត៌មានរូបនេះ៖
* ជនរងគ្រោះ៖
- ថ្ងៃខែឆ្នាំកំណើត៖ ១៣ តុលា ១៩៥៨ (វ័យ៥៩ឆ្នាំ) កើតនៅប្រទេសអារ៉ាប៊ីសាអូឌីត
- បាត់ខ្លួន៖ ០២ តុលា ២០១៨ ម៉ោងប្រហែល១រសៀល នៅស្ថានកុងស៊ុល ប្រទេសអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុង អ៊ីស្តង់ប៊ុល ប្រទេស តួកគី
- រស់នៅ៖ សហរដ្ឋអាមេរិក សញ្ជាតិ អារ៉ាប៊ីសាអូឌីត
- អាជីព៖ អ្នកសារព័ត៌មាន អ្នកតែងនិពន្ធ និងអតីតជាអ្នកគ្រប់គ្រងកាសែត Al-Arab News Channel។
លោក Khashoggi បានចាកចេញពីប្រទេសកំណើត អារ៉ាប៊ីសាអូឌីត កាលពីខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះទៅរស់នៅក្រៅប្រទេស។ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានហាមឃាត់លោកមិនឱ្យប្រើប្រាស់បណ្ដាសង្គម Twitter។ ក្រោយមកលោកបានសរសេរអត្ថបទកាសែតរិះគន់រដ្ឋាភិបាលនៃប្រទេសកំណើតរបស់ខ្លួន។ លោកក៏បានសម្តែងការប្រឆាំងចំពោះសកម្មភាពអន្តរាគមន៍ក្នុងប្រទេស យ៉េម៉ែន ក្រោមការដឹកនាំដោយរដ្ឋាភិបាល អារ៉ាប៊ីសាអូឌីតផងដែរ។
* ទំនាក់ទំនងជាមួយលោក អូសាម៉ាប៊ិនឡាដិន
លោក Khashoggi បានស្គាល់លោកអូសាម៉ាប៊ិនឡាដិន នៅទសវត្សឆ្នាំ១៩៨០ និងទសវត្សរ៍ឆ្នាំ១៩៩០។ លោកបានធ្វើបទសម្ភាសន៍មេដឹកនាំភេរវកររូបនេះជាច្រើនលើក។ ក្នុងកំឡុងពេលនោះលោកត្រូវបានភ្នាក់ងារចារកម្មអារ៉ាប៊ីសាអូឌីត ជួលដើម្បីបញ្ចុះបញ្ចូលលោកប៊ិនឡាដិន ក្នុងការសម្រុះសម្រួលជាមួយគ្រួសាររាជវង្សអារ់ាប៊ីសាអូឌីត។
សារព័ត៌មាន Al Arabiya បានរាយការណ៍ថា លោក Khashoggi ធ្លាប់បានព្យាយាមបញ្ចុះបញ្ចូលលោក ប៊ិនឡាដិន ឱ្យបញ្ឈប់ពីអំពើហិង្សា។ លោក Khashoggi គឺជាជនជាតិអារ៉ាប៊ីសាអ៊ូឌីត ដែលមិនជាប់សែស្រឡាយរាជវង្សតែម្នាក់គត់ ដែលបានដឹងអំពីទំនាក់ទំនងជិតស្និទ្ធរវាងរាជវង្សស្តេចអារ៉ាប៊ីសាអូឌីត ជាមួយក្រុមអាល់កៃដា នៅក្នុងការដឹកនាំការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ចាប់តាំងពីពេលនោះមក លោកបានផ្ដាច់ទំនាក់ទំនងខ្លួនពីលោកប៊ីនឡាដិន។ ឆ្លើយតបនឹងព្រឹត្តិការណ៍វាយប្រហារភេរវកម្មនោះ លោក Khashoggi បានសរសេរថា «បញ្ហាបន្ទាន់បំផុតនៅពេលនេះ គឺធានាបានថា ក្មេងជំនាន់ក្រោយមិនអាចទទួលឥទ្ធិពលពីគំនិតជ្រុលនិយម ដូចជាជនជាតិសាអូឌីតទាំង៥នាក់ ដែលបានធ្វើសកម្មភាពប្លន់យន្ដហោះចំនួនបួនគ្រឿងរបស់អាមេរិក។
* ការបាត់ខ្លួន
លោក Khashoggi ត្រូវបានគេឃើញចុងក្រោយបំផុត នៅពេលលោកចូលស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំនៅទីក្រុង អ៊ីស្តង់ប៊ុល ប្រទេស តួកគី នៅប្រហែលម៉ោង១រសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ដើម្បីទទួលបានឯកសារបញ្ជាក់ថាលោកបានលែងលះ។ លោកត្រូវការឯកសារនេះដើម្បីអាចឱ្យលោករៀបការជាមួយគូដណ្តឹងឈ្មោះ Hatice Cengiz ដែលជាជនជាតិតួកគី ដែលបានរង់ចាំនៅខាងក្រៅនៅថ្ងៃកើតហេតុ។ រហូតដល់ម៉ោង៤រសៀល លោកនៅតែមិនទាន់ចេញក្រៅនៅឡើយ បន្ទាប់ពីស្ថានកុងស៊ុល ត្រូវបានបិទទ្វារទៅហើយ ទើបគូស្នេហ៍របស់លោកបានរាយការណ៍ពីការបាត់ខ្លួន។
យ៉ាងនេះក្តី រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា លោកបានចាកចេញពីស្ថានកុងស៊ុលតាមរយៈច្រកចូលខាងក្រោយ។ ប៉ុន្តែរដ្ឋាភិបាលតួកគីបាននិយាយថា លោកមិនទាន់បានចេញមកក្រៅនៅឡើយទេ។ អាជ្ញាធរតួកគី បានអះអាងថា រូបភាពនៃកាមេរ៉ាសុវត្ថិភាពនៅថ្ងៃកើតហេតុ ត្រូវបានដកចេញពីស្ថានកុងស៊ុល ហើយបុគ្គលិកស្ថានកុងស៊ុលតួកគី ត្រូវបានគេប្រាប់ឱ្យឈប់សម្រាកនៅថ្ងៃដែល Khashoggi បានបាត់ខ្លួន ខណៈកំពុងស្ថិតនៅក្នុងអគារ។
ក្រុមអ្នកស៊ើបអង្កេតប៉ូលីសតួកគី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា កាមេរ៉ាសុវត្ថិភាពប្រចាំស្ថានកុងស៊ុល មិនបានបង្ហាញភស្តុតាងណាមួយបញ្ជាក់ថាលោក Khashoggi បានចាកចេញពីស្ថានកុងស៊ុលទេ។ កាមេរ៉ាសុវត្ថិភាព ស្ថិតនៅខាងកើតស្ថានកុងស៊ុល ដែលបានបង្ហាញរូបភាពលោកចូលខាងក្នុង មិនបានបង្ហាញ លោកបានចាកចេញឡើយ ខណៈដែលកាមេរ៉ាមួយទៀតដែលបានដំឡើងនៅសាលាមត្តេយ្យទល់មុខច្រកចូលខាងកើតនៃស្ថានកុងស៊ុលក៏មិនបានបង្ហាញថា លោកបានចាកចេញដូចគ្នា។
ក្រុមអ្នកវិភាគបានលើកឡើងថា Khashoggi អាចត្រូវបានគេចាត់ទុកថា បុគ្គលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ថ្នាក់ដឹកនាំនៃប្រទេស អារ៉ាប់ប៊ីសាអូឌីត ព្រោះមិនមែនដោយសារលោកជាអ្នកប្រឆាំងរដ្ឋាភិបាលតែម្យ៉ាងប៉ុណ្ណោះនោះទេ ប៉ុន្តែដោយសារលោកដឹងរឿងផ្ទៃក្នុងច្រើននៃការកាន់អំណាចរាប់ជំនាន់ របស់មេដឹកនាំនៃប្រទេសប្រេងមួយនេះ ព្រមទាំងអតីតជាប្រធានភ្នាក់ងារចារកម្មផងដែរ។
* ឃាតកម្ម៖
សារព័ត៌មាន Middle East Eye របស់អង់គ្លេស បានរាយការណ៍ថា ដោយយោងតាមប្រភពអនាមិក ការសម្លាប់នេះបានចំណាយពេលប្រហែលជាត្រឹម៧នាទីប៉ុណ្ណោះ ដោយអ្នកឯកទេសខាងផ្នែកវេជ្ជសាស្ត្រលោក Salah Muhammed al-Tubaigy ដោយបានកាត់រាងកាយរបស់ Khashoggi ជាកំណាត់ ខណៈពេលដែល Khashoggi នៅរស់នៅឡើយ។
កាសែតគាំទ្ររដ្ឋាភិបាល Dairly Sabah របស់តួកគី បានរាយការណ៍ថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨កន្លងទៅនេះ ប្រជាពលរដ្ឋដែលរស់នៅជិតស្ថានកុងស៊ុល បានសង្កេតឃើញពិធីជប់លៀងអាំងសាច់ ខុសប្លែកពីធម្មតា សារព័ត៌មាននោះបានលើកឡើងថា ការអាំងសាច់នេះដើម្បីបង្កជាផ្សែង បិតបាំងដល់ក្លិនផ្សែងដែលចេញ ពីការដុតសាកសព។ ប្រជាពលរដ្ឋរូបនោះ បានលើកឡើងថា រស់នៅទីនេះដប់ពីរឆ្នាំពួកគេមិនដែលឃើញ នៅក្នុងស្ថានកុងស៊ុលរៀបចំពិធីជប់លៀងបែបនេះឡើយ។ ផ្ទុយទៅវិញ បែរជាមានពិធីជប់លៀងសាច់អាំង នៅក្នុងសួនច្បារដ៏គួរឱ្យសង្ស័យចំថ្ងៃកើតហេតុតែម្តង។
ដោយឡែក ដោយយោងតាមប្រភពពីប៉ូលីសអនាមិកម្នាក់ ក្នុងចំណោមប៉ូលិសតួកគីជាច្រើននាក់ បានជឿជាក់ថា លោក Khashoggi ត្រូវបានធ្វើទារុណកម្ម និងសម្លាប់នៅក្នុងស្ថានកុងស៊ុលដោយមនុស្សក្រុមមួយ ដែលមានសមាជិក១៥នាក់មកពីអារ៉ាប៊ីសាអូឌីត។ ប្រភពប៉ូលីសអនាមិកម្នាក់បានអះអាងថា លោកត្រូវបានគេកាប់កំណាត់ហើយបានយកចេញពីស្ថានកុងស៊ុលយ៉ាងស្ងៀមស្ងាត់។ ជាងនេះទៅទៀតនោះ រាល់សកម្មភាពទាំងអស់ត្រូវបានថតទុក ដើម្បីបញ្ជាក់ថា បេសកកម្មនេះបានសម្រេចដោយជោគជ័យ ប៉ុន្តែរបាយការណ៍ជាវីដេអូនេះ ត្រូវបានគេយកចេញទៅក្រៅប្រទេសបាត់ទៅហើយ។
កាសែត Wall Street Journal បានចេញផ្សាយរបាយការណ៍ពីប្រភពអនាមិកថា លោក Khashoggi ត្រូវបានគេធ្វើទារុណកម្ម នៅចំពោះមុខកំពូលអគ្គរាជទូតលោក Mohammad al-Otaibi ដែលជាអគ្គកុងស៊ុលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ ថ្ងៃទី៧ ខែតុលា មន្ត្រីតួកគី បានសន្យាស្វែងរកកភស្តុតាងដែលបង្ហាញថា លោក Khashoggi ត្រូវបានសម្លាប់ឱ្យទាល់តែបាន។ ទូរទស្សន៍ CNN បានរាយការណ៍ថា អារ៉ាប៊ីសាអូឌីត បានសារភាពចំពោះការសម្លាប់នេះ ប៉ុន្តែអះអាងថា ការស្លាប់នេះដោយសារតែការ សួរចម្លើយធ្វើទារុណកម្មធ្ងន់ធ្ងរពេក។ ការលើកឡើងបែបនេះ បង្កឱ្យមានការរិះគន់ពីមនុស្សមួយចំនួនដែលជឿជាក់ថា លោក Khashoggi សម្លាប់ដោយការកាត់ជាកំណាត់ ព្រមទាំងជាការសម្លាប់គិតទុកជាមុន។
ប៉ុន្តែនៅទីបំផុតនៅថ្ងៃទី២០ ខែតុលានេះ ប្រភពពីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតផ្ទាល់បានទទួលស្គាល់ថា តាមរយៈការស៊ើបអង្កេតបឋមបានបង្ហាញថា Khashoggi ពិតជាបានស្លាប់នៅស្ថានកុងស៊ុលពិតមែន។ លោកបានស្លាប់ដោយការឈ្លោះទាស់ទែង និងវាយតប់គ្នាជាមួយមនុស្សមួយចំនួន ដែលលោកបានជួបនៅឯស្ថានកុលស៊ុលខាងលើ កាលពីថ្ងៃទី០២ ខែតុលា ហើយក៏បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍នោះតែម្តង។ យ៉ាងណាមិញការអះអាងខាងលើនេះ គឺផ្ទុយពីសេចក្តីរាយការណ៍ព័ត៌មានមួយចំនួន ស្តីពីការបាត់បង់ជីវិតអ្នកកាសែតរូបនេះ។
* ការស៊ើបអង្កេត
សារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃទី១១ ខែតុលា កន្លងទៅនេះថា មន្ដ្រីទួរគីកំពុងស៊ើបអង្កេត ដើម្បីដឹងថា តើនាឡិកា Apple របស់ Khashoggi អាចនឹងបង្ហាញពីអ្វីដែលបានកើតឡើងចំពោះលោក នៅក្នុងស្ថានកុងស៊ុលដែរឬទេ និងដើម្បីពិនិត្យមើលថា តើទិន្នន័យពីនាឡិកាឆ្លាតវៃរបស់លោក អាចត្រូវបានបញ្ជូនទៅ Cloud ឬទូរសព្ទផ្ទាល់ខ្លួនរបស់លោក ដែលបច្ចុប្បន្នកំពុងនៅក្នុងដៃគូដណ្តឹងរបស់លោកដែរឬទេ។
នៅល្ងាចថ្ងៃទី១៤ ខែតុលា លោកប្រធានាធិបតី Recep Tayyip Erdoğan និងលោក King Salman បានប្រកាសថា កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងសម្រាប់បង្កើត ក្រុមការងាររួមដើម្បីពិនិត្យសំណុំរឿងនេះ។ ក្រសួងការបរទេសទួរគីបានប្រកាសថា «ការស៊ើបអង្កេត» ស្ថានកុងស៊ុល ដែលធ្វើឡើងដោយមន្រ្តីតួកគី និងអារ៉ាប៊ីសាអ៊ូឌីត បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៥ ខែតុលា។ យោងតាមប្រភពអនាមិកពីការិយាល័យរបស់អគ្គមេធាវីក្រុមមន្ត្រីតួកគីបានរកឃើញភស្តុតាងដែលបញ្ជាក់ថា Khashoggi ត្រូវបានសម្លាប់។ ប្រធានាធិបតីតួកគីលោក Erdogan បាននិយាយថា ការស៊ើបអង្កេតបានផ្ដោតទៅលើវត្ថុជាច្រើនផ្សេងទៀត ដើម្បីស្វែងរកការពិត។
យោងតាមប្រភពអនាមិកប៉ូលីសតួកគីបានពង្រីកការស៊ើបអង្កេត ដោយសង្ស័យថា សាកសពរបស់លោក Khashoggi អាចត្រូវបានគេបោះចោលនៅក្នុងព្រៃក្បែរនោះ ឬនៅលើដីស្រែចម្ការ។ ដោយឡែកការធ្វើតេស្ត DNA ពីសំណាក់ពីស្ថានកុងស៊ុល និងបរិស្ថានជុំវិញកំពុងត្រូវបានធ្វើឡើងជាបន្តបន្ទាប់។ សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ស្នាមក្រយ៉ៅដៃរបស់ជនល្មើសម្នាក់ត្រូវបានគេរកឃើញនៅទីនោះ ត្រូវបានគេសង្ស័យទៅលើឈ្មោះ Salah Muhammad al-Tubaigy។
* ជនល្មើសដែលត្រូវចោទប្រកាន់៖
ប្រភពពីសារពត៌មាន Al-Waqt បាននិយាយថា ព្រះអង្គម្ចាស់ Mohammad bin Salman បានតែងតាំង លោក Ahmad Asiri ជាអនុប្រធានភ្នាក់ងារចារកម្ម និងអតីតជាអ្នកនាំពាក្យរបស់ក្រុមសម្ព័ន្ធអន្តរាគមន៍ក្នុងប្រទេស យ៉េម៉ែន ក្រោមការដឹកនាំដោយអារ៉ាប៊ីសាអូឌីត លោកបានទទួលជាអ្នកដឹកនាំក្នុងបេសកកម្មដើម្បីសម្លាប់លោក Khashoggi ។ ដោយឡែកមន្ត្រីយោធាម្នាក់ទៀត ដែលមានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការកម្ចាត់ពួកប្រឆាំងនោះ ក៏បានរួមដៃក្នុងបេសកកម្មនេះផងដែរ។ នៅថ្ងៃដដែលនោះប្រព័ន្ធផ្សព្វផ្សាយរបស់តួកគីបានបោះពុម្ភរូបភាពមនុស្សដែលគេសង្ស័យថា សមាជិកទាំង១៥នាក់ដែលបានចូលដៃក្នុងប្រតិបត្តិការឃាតកម្មខាងលើ រួមជាមួយរថយន្ដពណ៌ខ្មៅមួយគ្រឿង ដែលបានធ្វើដំណើរចេញពីស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត។
ជាមួយគ្នានេះដែរសារព័ត៌មាន Reuters បានរាយការណ៍ថា ជនសង្ស័យម្នាក់ឈ្មោះ Al-Otaibi បានចាកចេញពីទីក្រុងអ៊ីស្តង់ប៊ុល ទៅកាន់ទីក្រុង Riyadh នៅថ្ងៃទី១៦ ខែតុលា។ ការចាកចេញរបស់លោក បានធ្វើឡើងក្នុងរយៈពេលត្រឹមប៉ុន្មានម៉ោង បន្ទាប់ពីមានលេចលឺដំណឹងថា លោកកំពុងត្រូវបានគេស្វែងរកចាប់ខ្លួនទាក់ទងនឹងការបាត់ខ្លួនរបស់ អ្នកកាសែតខាងលើ។
* ប្រតិកម្ម៖
រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដំបូងឡើយអះអាងថា ជនរងគ្រោះបានចាកចេញពីស្ថានកុងស៊ុលភ្លាមៗ បន្ទាប់ពីចូលបានមួយភ្លែត។ ប៉ុន្តែក្រោយមកបានទទួលស្គាល់ថា អ្នកសារព័ត៌មានរូបនេះពិតជាបានស្លាប់ក្នុងស្ថានកុងស៊ុល ដោយមានជម្លោះជាមួយមនុស្សហើយវាយតប់គ្នារហូតដល់ស្លាប់ មិនមែនដោយសារបញ្ជារបស់ខ្លួនឡើយ។ ដោយឡែកប្រធានាធិបតីតួកគី ជឿជាក់ថា លោក Khashoggi ពិតជាត្រូវបានសម្លាប់ពាក់ព័ន្ធនឹងរាជវង្សរបស់អារ៉ាប៊ីសាអូឌីត។
លោកបានទាមទារឱ្យរដ្ឋាភិបាលនៃប្រទេសប្រេងមួយនេះ បញ្ចេញភស្ថុតាងដែលបញ្ជាក់ថា លោក Khashoggi ពិតជាបានចាកចេញពីស្ថានកុងស៊ុលទាំងមានជីវិត។ ដោយឡែកសម្រាប់សហរដ្ឋអាមេរិក បានស្នើរដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត ជួយដល់ដំណើរការនៃការស៊ើបអង្កេតទាក់ទិននឹងការបាត់ខ្លួនខាងលើដើម្បីបញ្ជាក់ពីការពិត។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានបង្ហាញពីក្តីបារម្ភចំពោះជោគវាសនារបស់លោក Khashoggi។ ជាមួយគ្នានេះដែរ សមាជិកសភាអាមេរិក លោក Chris Murphy បានលើកឡើងថា ប្រសិនបើករណីសម្លាប់លោក Khashoggi គឺជាការពិតនោះ វាបង្កការបែកបាក់ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតជាមិនខាន។ លោកបានស្នើផ្អាកសកម្មភាពយោធាអាមេរិកគាំទ្រចលនាអារ៉ាប៊ីសាអូឌីត ក្នុងប្រទេស យ៉េមែនជាបណ្តោះអាសន្ន។ មិនតែប៉ុណ្ណោះសភាអាមេរិកអាចនឹងបញ្ឈប់ការលក់អាវុធ ឬផ្លាស់ប្តូរគោលការណ៍លក់អាវុធដល់ប្រទេសម្ចាស់ប្រេងនៅតំបន់មជ្ឈឹមបូព៌ាមួយនេះផងដែរ៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា