(កាប៊ុល)៖ ហេតុការណ៍ផ្ទុះគ្រាប់បែកច្នៃចំនួន ០៤ករណី បានកើតមានឡើង នៅក្នុងថ្ងៃបោះឆ្នោតសភា ដែលកំពុងប្រព្រឹត្តទៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបានបង្កឲ្យមនុស្សម្នាក់ស្លាប់ និង ២៩នាក់របួស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨។
ទោះជាបែបនេះក្តី អាជ្ញាធរអាហ្វហ្គានីស្ថានបានសង្កត់ធ្ងន់ថា ដំណើរការបោះឆ្នោត ទាំងនៅចំពោះមុខអំពើហិង្សា និងការគំរាមកំហែងពីពួកឧទ្ទាមនេះ បាននិងកំពុងបន្តប្រព្រឹត្តជាធម្មតាដដែល។ ការបោះឆ្នោតសភាជាលើកដំបូង ក្នុងអំឡុងពេលជិត ១០ឆ្នាំ កន្លងទៅនេះនៅអាហ្វហ្គានីស្ថាន ប្រព្រឹត្តទៅក្រោមការចូលរួមពីបេក្ខភាពជាង ២,៥០០រូប ដើម្បីប្រជែងយកអាសនៈចំនួន ២៤៩ នៅក្នុងសភាជាន់ទាបអាហ្វហ្គានីស្ថាន។
គួរជម្រាបថា ក្រុមឧទ្ទាមតាលីបង់ ដែលបានព្រមានបំផ្លាញដំណើរការបោះឆ្នោតនោះ នៅទាន់ឃើញចេញមុខអះអាងថា ជាអ្នកនៅពីក្រោយករណីវាយប្រហារណាមួយនៅឡើយទេ ដែលកើតឡើងនៅក្បែរទីតាំងបោះឆ្នោត ក្នុងរដ្ឋធានីកាប៊ុល ខណៈកងកម្លាំងសន្តិសុខជាង ៥០,០០០នាក់ ត្រូវបានដាក់ពង្រាយទូទាំងប្រទេស៕