(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទំនងជាចង់ទទួលយកការបកស្រាយរបស់អារ៉ាប៊ីសាអូឌីត ជុំវិញមូលហេតុនៃការបាត់ខ្លួនរបស់លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) ដែលទីក្រុងរីយ៉ាដបានអះអាងជាថ្មីឡើងវិញថា អ្នកកាសែតរូបនេះបានស្លាប់ដោយហេតុការណ៍វាយតប់គ្នា ក្នុងស្ថានកុលស៊ុលអារ៉ាប៊ីសាអូឌីតនៅតួកគី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានអាមេរិក New York Times នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨។
អំឡុងពេលចុះទស្សនកិច្ចនៅមូលដ្ឋានទ័ពអាកាសមួយកន្លែង ក្នុងរដ្ឋអារីហ្សូណា (Arizona) លោក ដូណាល់ ត្រាំ បានយល់ឃើញថា ការបកស្រាយខាងលើរបស់អារ៉ាប៊ីសាអូឌីតថា គឺអាចទុកចិត្តបាន។ ប៉ុន្តែលោក ត្រាំ បានសង្កត់ធ្ងន់ថា លោកនៅតែមានចម្ងល់ដើម្បីសួរដល់ព្រះអង្គម្ចាស់ស្នងរាជ្យអារ៉ាប៊ីសាអូឌីត ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) ជុំវិញករណីដែលពិភពលោក កំពុងតាមដានមិនដាក់ភ្នែកនេះ។
ទន្ទឹមនឹងនេះលោក ត្រាំ ក៏បានលើកឡើងថា ការស្លាប់របស់លោក Khashoggi គឺជារឿងដែលមិនអាចទទួលយកបាននោះទេ និងបានបង្ហើបឲ្យដឹងថា អាចនឹងមានការដាក់ទណ្ឌកម្មប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត ប៉ុន្តែលោកសង្ឃឹមថា សភាអាមេរិកនឹងពុំព្យាយាមរារាំងការលក់សព្វាវុធ ក្នុងតម្លៃរាប់រយពាន់លានដុល្លារទៅឲ្យទីក្រុងរីយ៉ាដឡើយ។ ការឆ្លើយតបរបស់ លោក ត្រាំ ចំពោះការចេញមុខបកស្រាយរបស់អារ៉ាប៊ីសាអូឌីត គឺផ្ទុយពីសភាអាមេរិក ដែលនៅតែយល់ឃើញថា ការអះអាងជាថ្មីឡើងវិញនេះ ពុំអាចទុកចិត្តបានឡើយ។
ជុំវិញរឿងនេះ សេតវិមានអាមេរិកបានចេញសេចក្តីថ្លែងការណ៍ថា ខ្លួននឹងប្រឹងប្រែងស្វែងរកយុត្តិធម៌ ចំពោះការបាត់បង់ជីវិតរបស់លោក Khashoggi និងបានបង្ហាញការចូលរួមសោកសម្តែងចំពោះដំណឹងនេះ ជាមួយក្រុមគ្រួសារ គូដណ្តឹង ក៏ដូចជាមិត្តភក្តិរបស់លោក ខណៈសេចក្តីថ្លែងការណ៍នេះ ពុំបានបង្ហាញពីជំហរជាក់លាក់ណាមួយ ជុំវិញសេចក្តីប្រកាសរបស់អារ៉ាប៊ីសាអូឌីតឡើយ។
គួរជម្រាបថា ការបាត់ខ្លួនយ៉ាងអាថ៌កំបាំងរបស់លោក Khashoggi ដែលជាអ្នកកាសែតរិះគន់វាយប្រហារលើរាជវង្សអារ៉ាប៊ីសាអូឌីតនោះ កាលពីថ្ងៃទី០២ ខែតុលា ក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត នៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី ត្រូវគេសង្ស័យកាន់តែខ្លាំងថា ពិតជាមានជាប់ពាក់ព័ន្ធនឹងព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman៕