(កាប៊ុល)៖ ទោះបីជាអំពើហិង្សាបានផ្ទុះឡើងឥតឈប់ឈរក៏ដោយ ការបោះឆ្នោតសភាបានប្រព្រឹត្តទៅនៅអាហ្វហ្គានីស្ថាន នាព្រឹកថ្ងៃសៅរ៍នេះនៅចំពោះមុខការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨។
អាជ្ញាធរអាហ្វហ្គានីស្ថានមានក្តីបារម្ភថា អំពើហិង្សានឹងជំរុញឲ្យប្រជាជន មិនហ៊ានចូលរួមការបោះឆ្នោត ជាពិសេសនោះគឺបន្ទាប់ពីមានការធ្វើឃាតមេប៉ូលិសនៅក្រុង Kandahar កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះតែម្តង។ មិនតែប៉ុណ្ណោះ ក្រុមតាលីបង់បានចេញសារព្រមានវាយប្រហារ លើទីតាំងបោះឆ្នោតថែមទៀតផង។
ខណៈការបោះឆ្នោតកំពុងប្រព្រឹត្តទៅ ប៉ូលិសនិងទាហានរាប់ម៉ឺននាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស បន្ទាប់ពីបេក្ខភាពឈរឈ្មោះជាតំណាងរាស្រ្តចំនួន ០៩នាក់ ត្រូវបានគេធ្វើឃាត ព្រមទាំងមនុស្សរាប់រយនាក់បានបាត់បង់ជីវិត និងរងរបួស នៅក្នុងការវាយប្រហារជាច្រើននាពេលកន្លងទៅនេះ ទាក់ទងនឹងដំណើរការបោះឆ្នោតនាថ្ងៃសៅរ៍នេះ។
គួរជម្រាបថា ពីដំបូងឡើយមណ្ឌលបោះឆ្នោតចំនួន ៧,៣៥៥កន្លែង ត្រូវបានគ្រោងថានឹងរៀបចំឡើង ប៉ុន្តែមានតែ ៥,១០០កន្លែងប៉ុណ្ណោះ ត្រូវបានបានបើកទ្វារ ដោយសារតែបញ្ហាសន្តិសុខ។ ក្នុងការបោះឆ្នោតនេះបេក្ខភាពជាង ២,៥០០នាក់ បានឈរឈ្មោះដើម្បីប្រកួតប្រជែងក្នុងអាសនៈចំនួន ២៤៩ នៅក្នុងសភាជាន់ទាប (រដ្ឋសភា) អាហ្វហ្គានីស្ថានសម្រាប់រយៈពេល ០៥ឆ្នាំខាងមុខ។
សម្រាប់លទ្ធផលនៃការបោះឆ្នោតនេះវិញ គឺនឹងមិនត្រូវចេញផ្សាយឡើយរហូតទាល់តែដល់ពាក់កណ្តាលខែវិច្ឆិកា ហើយលទ្ធផលផ្លូវការចុងក្រោយ នឹងមិនអាចចេញមុនចុងខែធ្នូនោះទេ (អាចឈានដល់ដើមឆ្នាំ២០១៩)៕