(ប៉ារីស)៖ យានអវកាស ប៊េប៊ីកូឡុំបូ (BepiColombo) ដែលជាបេសកកម្មរួមគ្នាលើកដំបូង រវាងទីភ្នាក់ងារអវកាសអឺរ៉ុប ESA និងទីភ្នាក់ងារជប៉ុន JAXA ដើម្បីឆ្ពោះទៅកាន់ភពពុធ (Mercury) នោះ ទីបំផុតត្រូវបានបញ្ជូនឡើងទៅកាន់ទីអវកាសដោយជោគជ័យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨។
យានអវកាសខាងលើនេះ ត្រូវបានបាញ់បង្ហោះចេញពីមូលដ្ឋានរបស់អឺរ៉ុប ក្នុងសហគមន៍ គួរួ (Kourou) នៅតំបន់រដ្ឋបាលបារាំង (French Guiana) ដែលស្ថិតនៅខាងភាគជើងនៃទ្វីបអាមេរិកខាងត្បូង នាវេលាព្រឹកថ្ងៃសៅរ៍នេះ។ បេសកកម្មនេះមានផ្កាយរណប ០២គ្រឿង ដែលនឹងជួយគ្នាធ្វើការវាស់វែងទៅលើបរិស្ថានរបស់ភពពុធក្នុងពេលព្រមគ្នាតែម្តង។
បើតាមក្រុមអ្នកវិទ្យាសាស្ត្រយាន BepiColombo ត្រូវគេរំពឹងថា នឹងទៅដល់ភពពុធនៅចុងឆ្នាំ២០២៥ ហើយនឹងត្រូវធ្វើប្រតិបត្តិការនៅគន្លងរបស់ Mercury សម្រាប់រយៈពេលយ៉ាងហោចណាស់ក៏ ១២ខែដែរ ខណៈដែលភពពុធមាចម្ងាយ ៥៨លានគីឡូម៉ែត្រពីព្រះអាទិត្យ និងបច្ចុប្បន្នវាមានចម្ងាយ ៧៧លានគីឡូម៉ែត្រពីផែនដី។
គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់បានបញ្ជូនយានស្រាវជ្រាវចំនួន ០២គ្រឿង ទៅកាន់ភពពុធ (Mercury)។ មួយគ្រឿងដំបូងឈ្មោះ Mariner 10 បានធ្វើការហោះឆ្វែលជាដដែលៗចំនួនប៉ុន្មានលើក កាលពីទសវត្សរ៍ទី៧០។ យានបន្ទាប់ទី០២ កាលពីប៉ុន្មានឆ្នាំមុន បានឈានដល់ទីបញ្ចប់នៃការបំពេញបេសកកម្មរបស់វា ហើយទម្លាក់ខ្លួនកម្ទេចចោល នៅលើផ្ទៃរបស់ភពពុធដូចទៅនឹងអ្វីដែលយាន Cassini នៅភពសៅរ៍ (Saturn) បានធ្វើដែរ ដោយវាមានឈ្មោះថា បេសកកម្ម MESSENGER៕