(ម៉ូស្គូ)៖ យោងតាមរបាយការណ៍រសើបមួយ ដែលត្រូវបានចេញផ្សាយដោយកាសែត New York Times របស់សហរដ្ឋអាមេរិកឲ្យដឹងថា រដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ នឹងអាចដកខ្លួន ចេញពីសន្ធិសញ្ញាស្តីពីអាវុធនុយក្លេអ៊ែររួមគ្នាជាមួយរុស្ស៊ី (INF) នៅសប្តាហ៍ក្រោយនេះហើយ។ នេះបើតាមការដកស្រង់ព័ត៌មានដោយ Sputnik នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨។
សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ INF (Intermediate-Range Nuclear Forces) ត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតកាលពីឆ្នាំ១៩៨៧ ដែលជាជំហានដ៏សំខាន់មួយ ឈានទៅរកការកាត់បន្ថយការប្រឈមមុខដាក់គ្នា រវាងមហាអំណាចធំៗទាំងពីរ កាលពីសម័យសង្គ្រាមត្រជាក់ ហើយលោក ដូណាល់ ត្រាំ នាសប្តាហ៍ក្រោយនេះត្រូវបានគេរំពឹងថា លោកនឹងប្រាប់រុស្ស៊ីថា អាមេរិកសម្រេចចិត្តលុបចោលសន្ធិសញ្ញាមួយនេះហើយ។
គួរបញ្ជាក់ថា បើតាមមន្ត្រីអាមេរិកដែលសុំមិនបញ្ចេញឈ្មោះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះទៅហើយ ដោយរង់ចាំតែសេចក្តីសម្រេចដែលត្រូវប្រកាសជាផ្លូវការប៉ុណ្ណោះ។ មូលហេតុដែលសហរដ្ឋអាមេរិក នឹងសម្រេចចិត្តបែបនេះព្រោះតែខ្លួនអះអាងថា ប្រទេសរុស្ស៊ីបានរំលោភសន្ធិសញ្ញាខាងលើ ហើយសន្ធិសញ្ញានេះទៀតសោធបានរារាំងអាមេរិក មិនឲ្យដាក់ពង្រាយអាវុធនុយក្លេអ៊ែរបន្ថែមនោះឡើយ ខណៈដែលបច្ចុប្បន្នឥទ្ធិពលចិនកំពុងកើនឡើងខ្លាំងណាស់៕