(ញូដេលី)៖ មនុស្សយ៉ាងតិច ៦១នាក់ ដែលភាគច្រើនជាស្រ្តី និងកុមារត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិត និង៧២នាក់ទៀតបានរងរបួស នៅទីក្រុងអំរិតសារ (Amritsar) នៃរដ្ឋផាន់ចាប់ (Punjab) ភាគខាងជើងប្រទេសឥណ្ឌា ដោយសារតែត្រូវរថភ្លើងបុកក្នុងអំឡុងការប្រារព្ធពិធីសាសនាមួយ ដែលមានមនុស្សចូលរួមយ៉ាងកកកុញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨។
បើតាមរូបភាពនៅកន្លែងកើតហេតុកាលពីយប់ថ្ងៃសុក្រនោះ រថភ្លើងមួយខ្សែដែលមានល្បឿនយ៉ាងលឿន បានរត់កាត់ក្រុមមនុស្សម្នាដែលកំពុងជួបជុំគ្នាយ៉ាងកុះករដើម្បីប្រារព្ធពិធីសាសនាមួយ ដែលមើលទៅទំនងជាប្រព្រឹត្តនៅក្បែរផ្លូវរថភ្លើង។ សាក្សីនៅកន្លែងកើតហេតុបានអះអាងថា មនុស្សម្នាជាច្រើនបានប្រមូលផ្តុំគ្នាទស្សនាការប្រារព្ធពិធីសាសនាហិណ្ឌូមួយ ដែលមានឈ្មោះថា ឌូស្សេហ៍រ៉ា (Dussehra) ហើយមនុស្សជាច្រើនបានកញ្ជ្រោលឡើងលើផ្លូវរថភ្លើង។
គួរបញ្ជាក់ថា ដោយសារតែសកម្មភាពខាងលើនេះ ទើបរថភ្លើងដែលរត់នៅលើផ្លូវដែកខាងលើមិនបានដឹងជាមុន និងបន្ថយល្បឿនទាន់ពេល ហើយវាក៏ជ្រុលទៅបុកក្រុមមនុស្សម្នាទាំងកម្រោលតែម្តង។ ម្យ៉ាងវិញទៀត ដោយសារតែមនុស្សម្នាភាគច្រើនពេលនោះកំពុងប្រើប្រាស់ទូរស័ព្ទដៃ ដើម្បីថតសកម្មភាពបាញ់កាំជ្រួច និងការលេងភ្លើងក្នុងកម្មវិធីបុណ្យទៀតនោះ ទើបពួកគេមិនបានចាប់អារម្មណ៍ថា មានរថភ្លើងល្បឿនលឿនកំពុងសំដៅមកនោះឡើយ៕