(សិង្ហបុរី)៖ មន្ទីរការពារជាតិអាមេរិក Pentagon នាថ្ងៃសុក្រនេះបានប្រកាសថា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានសម្រេចផ្អាកការធ្វើសមយុទ្ធយោធាមួយផ្សេងទៀត ដែលបានគ្រោងទុករួចស្រេចទៅហើយ ក្នុងគោលបំណងបន្តកិច្ចប្រឹងប្រែងផ្នែកការទូតជាមួយកូរ៉េខាងជើង។ នេះបើតាមការដកស្រង់ការផ្សាយចេញសារព័ត៌មាន Independent នៅយប់ថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។
សេចក្តីប្រកាសខាងលើ ត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យមន្ទីរ Pentagon លោកស្រី Dana White។ លោកស្រី White បានប្រាប់ថា ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងសេអ៊ូល នឹងផ្អាកការធ្វើសមយុទ្ធយោធាផ្លូវអាកាសមួយឈ្មោះថា Vigilant Ace បន្ថែមទៀត ដើម្បីផ្តល់ឱកាសតាមតែអាចធ្វើទៅបាន សម្រាប់ការបន្តកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាតាមផ្លូវការទូតជាមួយប្រទេសកូរ៉េខាងជើង។
សេចក្តីប្រកាសនេះ បានកើតមានឡើង ខណៈដែលរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ជែម ម៉ាត់ទីស (James Mattis) ស្ថិតនៅប្រទេសសិង្ហបុរី ក្នុងឱកាសចូលរួមកិច្ចប្រជុំមួយជាមួយបណ្តាប្រមុខការពារជាតិរបស់អាស៉ី។
គួរជម្រាបថា សមយុទ្ធផ្លូវអាកាស Vigilant Ace នាពេលនេះស្ថិតក្នុងចំណោមសមយុទ្ធយោធាមួយចំនួនទៀត រួមមានសមយុទ្ធ Freedom Guardian នាឆ្នាំនេះ ដែលត្រូវបានផ្អាកចាប់តាំងពីខែមិថុនាមក ដោយអាមេរិកនិងកូរ៉េខាងត្បូង នៅក្រោយកិច្ចប្រជុំកំពូលអន្តរកូរ៉េ និងជំនួបជាប្រវត្តិសាស្រ្តរវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ដើម្បីលើកកម្ពស់កិច្ចសន្ទនាសំដៅបញ្ចុះបញ្ចូលឲ្យកូរ៉េខាងជើងបោះបង់អាវុធនុយក្លេអ៊ែរ៕