(កូរ៉េ)៖ រាល់ព័ត៌មានដែលពាក់ព័ន្ធនឹងកូរ៉េខាងជើង និងកូរ៉េខាងត្បូង មិនងាយរំលងពីភ្នែកឆាកអន្តរជាតិនោះឡើយ រាល់ពេលដែលមានរឿងក្ដៅកើតឡើង។ ភាគីទាំងពីរបានធ្វើកិច្ចចរចាកំពូល កាលពីថ្ងៃចន្ទកន្លងទៅនេះ នៅក្នុងភូមិ Panmunjom ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងនានា ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូល ក្នុងរដ្ឋធានីព្យុងយ៉ាងនាពេលកន្លងមក។
នេះគឺជាជំនួបកំពូលរវាងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងលើកប្រាំសម្រាប់ឆ្នាំ២០១៨។ បើទោះបី ជាកិច្ចប្រជុំលើកដំបូងរវាងមេដឹកនាំនៃប្រទេសទាំងពីរ ត្រូវបានគេរំពឹងថា នឹងជំរុញដំណើរការសន្តិភាពនៅលើឧបទ្វីបកូរ៉េយ៉ាងនេះក្តី រហូតមកទល់ពេលនេះ គោលដៅខ្លះមិនទាន់បានសម្រេចនៅឡើយទេ។
ប៉ុន្តែលោក ចេងស៊ីវហ៊េ (Cheng Xiaohe) សាស្ត្រាចារ្យនៅសាកលវិទ្យាល័យរ៉េនមីន (Renmin) ប្រទេសចិន និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៅវិទ្យាស្ថានប៉ង់ហ្គោល បាននិយាយថា ការធ្វើកិច្ចចរចាបែបនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើងកាន់តែរឹងមាំ និងប្រសើរឡើងថែមទៀត។ លោកបាននិយាយថា កូរ៉េទាំងពីរ កំពុងធ្វើដំណើរឆ្ពោះទៅកាន់ទិសដៅសន្តិភាព នៅលើឧបទ្វីបកូរ៉េ បើទោះបីជាភាគីទាំងពីរនៅមានចំណុចប្រឆាំងគ្នាច្រើនក្តី។
យើងដឹងហើយថា មុនពេលបើកការប្រកួតកីឡាអូឡាំពិករដូវរងា Pyeongchang ឧបទ្វីបកូរ៉េត្រូវបានគ្របដណ្តប់ដោយជម្លោះដ៏ធ្ងន់ធ្ងរ ប៉ុន្តែបច្ចុប្បន្នទំនាក់ទំនងកូរ៉េខាងជើង - កូរ៉េខាងត្បូងសម្រេចបាននូវភាពជោគជ័យជាច្រើន ហេតុនេះដំណោះស្រាយលើបញ្ហាផ្សេងទៀត ពិតជាអាចកើតឡើងក្នុងពេលខាងមុខ។ ជាការពិតចំណុចស្នូល នៃការផ្លាស់ប្តូរស្ថានការណ៍នៅលើឧបទ្វីបនេះគឺ ជាការផ្លាស់ប្តូរក្នុងទំនាក់ទំនងការទូត។
បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានឡើងកាន់តំណែង លោកបានបង្កើនសម្ពាធយោធាទៅលើកូរ៉េខាងជើង ដែលបានបង្ហាញពីជំហររបស់ខ្លួន ប្រឆាំងការបាញ់សាកល្បងនុយក្លេអ៊ែរ និងមីស៊ីល។ ជាមួយគ្នានេះដែរ ពីមុនសាធារណរដ្ឋកូរ៉េ ក៏បានត្រៀមលក្ខណៈដោយពង្រឹងកម្លាំងយោធារបស់ខ្លួន មិនត្រឹមតែដើម្បីភាពរឹងមាំលើវិស័យការពារជាតិប៉ុណ្ណោះទេ ថែមទាំងដើម្បីសម្ព័ន្ធភាពយោធា ជាមួយសហរដ្ឋអាមេរិកផងដែរ។
ប៉ុន្តែបច្ចុប្បន្នកូរ៉េខាងត្បូង បានផ្លាស់ប្តូរឥរិយាបថចាប់តាំងពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន (Moon Jae-in) ចូលកាន់តំណែង។ លោកបានធ្វើកំណែទម្រង់ គោលនយោបាយបរទេសរបស់ខ្លួន ដោយជំនួសឱ្យការឈរនៅខាងអាមេរិក និងការត្រៀមកម្លាំងដើម្បីធ្វើសង្គ្រាម លោកបែរជាព្យាយាមចរចាជាមួយកូរ៉េខាងជើងដោយសន្តិភាព។
ការផ្លាស់ប្តូរនេះបានកាត់បន្ថយភាពតានតឹង បញ្ឈប់ការប្រើប្រាស់យោធាជាដំណោះស្រាយ ពីសំណាក់រដ្ឋាភិបាលក្រុងព្យុងយ៉ាង និងបើកចំហផ្លូវដើម្បីឱ្យមានការសន្ទនាគ្នា រវាងរដ្ឋាភិបាលទីក្រុងសេអ៊ូលព្យុងយ៉ាង និងវ៉ាស៊ីនតោន ដើម្បីឈានទៅរកការរំសាយអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។ ប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើទស្សនកិច្ចរយៈពេល ០៩ថ្ងៃ ទៅកាន់បណ្តាប្រទេសនៅសហភាពអឺរ៉ុប។
លោកលើកឡើងអំពីការផ្លាស់ប្តូរស្ថានភាព នៅលើឧបទ្វីបកូរ៉េ និងកិច្ចប្រឹងប្រែង ដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានធ្វើកន្លងមក ព្រមទាំងអំពាវនាវដល់គ្រប់ភាគីទាំងអស់ គាំទ្រគោលនយោបាយរបស់កូរ៉េខាងត្បូងឆ្ពោះ នៅក្នុងអំឡុងនៃកិច្ចប្រជុំអាស៊ី - អឺរ៉ុប។
លោក ចេង ស៊ីវហ៊េង បានបញ្ជាក់ទៀតថា សហភាពអឺរ៉ុបដើរតួយ៉ាងសំខាន់ ក្នុងការជួយដល់ដំណើរការ នៃការលុបបំបាត់អាវុធនុយក្លេអ៊ែរ។
តាមរយៈការធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប លោក មូន ជែអ៊ីន អាចធ្វើបង្ហាញដល់ថ្នាក់ដឹកនាំប្រទេសទាំងនោះ នូវបានសមិទ្ធផលដែលអាចសម្រេចបាន។ លោកបានលើកឡើងថា «តាមរយៈទស្សនកិច្ចនៅបណ្តាប្រទេសអឺរ៉ុបផ្ដល់កម្លាំងចិត្តដល់ប្រទេសកូរ៉េខាងត្បូង ក្នុងការបន្តសន្ទុះទៅមុខប្រកបដោយភាពវិជ្ជមាន ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ និងមីស៊ីល»។
សេចក្តីថ្លែងការណ៍ទីក្រុងព្យុងយ៉ាង ដែលបានចុះហត្ថលេខាដោយកូរ៉េខាងជើង និងកូរ៉េខាងត្បូង ក្នុងអំឡុងនៃកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរចុងក្រោយបង្អស់ បានបន្ធូរបន្ថយស្ថានភាពតានតឹង នៅឧបទ្វីបកូរ៉េ។ ប៉ុន្តែយ៉ាងនេះក្តីកូរ៉េទាំងពីរនៅតែត្រូវការដើរនៅលើផ្លូវដ៏វែងឆ្ងាយរួមគ្នាជាបន្តទៀត ដើម្បីដោះស្រាយបញ្ហាក្នុងតំបន់។
តាមរយៈកិច្ចចរចាកំពូលនាពេលខាងមុខ រវាងរដ្ឋាភិបាលក្រុងសេអ៊ូល និងក្រុងព្យុងយ៉ាង អាចឱ្យយើងព្យាករណ៍បានថា ដំណើរការនៃការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ កំពុងតែឆ្ពោះទៅមុខទៅរកភាពវិជ្ជមាន៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា