(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បានច្រានចោលការព្រមានដែលថា ការទទួលស្គាល់ហ្សេរុយសាឡឹមជារដ្ឋធានីរបស់អ៉ីស្រាអែល អាចបំផ្ទុះអំពើហិង្សានៅក្នុងតំបន់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។
ការច្រានចោលនេះបានកើតមានឡើងបន្ទាប់ពី លោក Morrision បានប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះថា លោកចង់ដើរតាមជំហានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការទទួលស្គាល់ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ប្រទេសអ៉ីស្រាអែល តាមរយៈការផ្លាស់ប្តូរស្ថានទូតអូស្រ្តាលីពី ទីក្រុងតែលអាវីវទៅកាន់ទីក្រុងហ្សេរុយសាឡឹមវិញ។
គួរជម្រាបថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអូស្រ្តាលី ទីភ្នាក់សន្តិសុខជាតិអូស្រ្តាលី បានចេញមុខព្រមានប្រឆាំងនឹងធ្វើបែបនេះ មួយថ្ងៃមុនការធ្វើសេចក្តីប្រកាសរបស់ Scott Morrision ព្រោះថាវាអាចបង្កឲ្យផ្ទុះអំពើហិង្សា កាន់តែខ្លាំងនៅតំបន់ហ្គាហ្សា និង West Bank ដែលកន្លងមកបានកើតមានឡើងរួចទៅហើយ ទាំងពេលមុន និងក្រោយអាមេរិកទទួលស្គាល់មុនគេថា ហ្សេរុយសាឡឹមជារដ្ឋធានីអ៊ីស្រាអែល៕