(អង់ការ៉ា)៖ អ្នកនាំពាក្យប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ នៅថ្ងៃសុក្រនេះបានឱ្យដឹងថា កិច្ចប្រជុំចតុភាគីរវាង តួកគី រុស្ស៊ី អាល្លឺម៉ង់ និងបារាំង ស្ដីពីជម្លោះនៅក្នុងប្រទេសស៊ីរី នឹងត្រូវរៀបចំឡើងនៅទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគីនៅថ្ងៃទី២៧ ខែតុលានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។
អ្នកនាំពាក្យប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ គឺលោក អ៊ីប្រាហ៊ីម កាលីន (Ibrahim Kalin) ធ្វើការកត់សម្គាល់បែបនេះ ប្រាប់សារព័ត៌មានរដ្ឋតួកគី អាណាឌូលូ (Anadolu)។ លោក Kalin បានបន្ថែមទៀតថា ការវិវត្តស្ថានភាពចុងក្រោយនៅក្នុងខេត្ត អ៊ីដលីប (Idlib) ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមស៊ីរី និងដំណោះស្រាយនយោបាយ ដើម្បីបញ្ចប់សង្រ្គាមនៅក្នុងប្រទេសស៊ីរី អាចនឹងក្លាយជារបៀបវារៈសំខាន់ សម្រាប់កិច្ចប្រជុំកំពូលនេះ។
លើសពីនេះទៅទៀត បើតាមអ្នកនាំពាក្យរូបនេះដដែល ភាគីនៃកិច្ចប្រជុំទាំងអស់ក៏អាចនឹងយល់ព្រមសម្របសម្រួលដល់កិច្ចខិតខំប្រឹងប្រែងរួម ក្នុងគោលដៅដោះស្រាយវិបត្តិនៅស៊ីរីផងដែរ៕