(ហាណូយ)៖ ក្រុមវិស្វករវៀតណាម និងជប៉ុនកំពុងចាប់ដៃគ្នា សាងសង់ផ្កាយរណបមួយគ្រឿង ដែលនឹងជួយដល់កិច្ចប្រឹងប្រែងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិនៃប្រទេសវៀតណាម។ នេះបើតាមការដកស្រង់ការផ្សាយចេញពី VN Express នៅរសៀលថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។
វៀតណាម និងជប៉ុនបានចាប់ផ្តើមដំណាក់កាលរៀបចំនៅឯប្រទេសជប៉ុន ដើម្បីត្រៀមផលិតផ្កាយរណប LOTUSat-1 ក្រោមក្របខណ្ឌនៃគម្រោងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ និងបម្រែបម្រួលអាកាសរបស់មជ្ឈមណ្ឌលអវកាសជាតិវៀតណាម VNSC។ ផ្កាយរណបនេះ នឹងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបែប Sensor (ប្រព័ន្ធជះរលកសញ្ញា) ដែលប្រើរលកវិទ្យុ (Radio Wave) ដើម្បីតាមដានភពផែនដី។
តាមរយៈការប្រើប្រាស់ Radio Wave ផ្កាយរណបនេះ មិនត្រូវការប្រភពពន្លឺឡើយ ហើយអាចដំណើរការបាន ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃមួយសប្តាហ៍ ដែលមានប្រៀបជាងផ្កាយរណបដទៃៗទៀត ដែលប្រើប្រាស់ប្រព័ន្ធ Sensor បែបអុបទិច ដែលអាចពឹងផ្អែកលើពន្លឺព្រះអាទិត្យនោះ។
ទាក់ទិននឹងកាលបរិច្ឆេទនៃការបាញ់បង្ហោះវិញ អ្នកវិទ្យាសាស្រ្តវៀតណាម បានលើកឡើងថា វាចំណាយពេល ៣៦ខែ ដើម្បីសាងសង់ផ្កាយរណប LOTUSat-1 ហើយជាទូទៅសម្រាប់ផ្កាយរណបប្រភេទនេះ គឺត្រូវចំណាយពេលពី ០៦ ទៅ ១២ខែ ដើម្បីអាចបញ្ជូនវាឡើងទៅកាន់ទីអវកាសបាន។
នៅពេលទៅដល់អវកាស ផ្កាយរណបខាងលើត្រូវគេរំពឹងថា នឹងធ្វើការតាមដានដោយគ្របដណ្តប់លើប្រទេសវៀតណាមទាំងមូល ហើយជួយកាត់បន្ថយការបំផ្លិចបំផ្លាញ ដែលបង្កឡើងដោយគ្រោះធម្មជាតិយ៉ាងហោចណាស់ក៏បាន ១០ភាគរយដែរ។ ក្រៅពីនេះការទាញយករូបភាពពីទីតាំងណាមួយ ក៏នឹងមានការថយចុះពី ០២ថ្ងៃ មកនៅត្រឹម ០៦ ទៅ ១២ម៉ោងផងដែរ។
គួរជម្រាបថា នាពេលកន្លងមកនេះ វៀតណាមធ្លាប់បាញ់បញ្ជូនផ្កាយរណប Vinasat-1 ឡើងទៅកាន់អវកាស កាលពីឆ្នាំ២០០៨, Vinasat-2 កាលពីឆ្នាំ២០១២, និង VNRedSat 1 កាលពីឆ្នាំ២០១៣។ ផ្កាយរណប Vinasat-1 និង Vinasat-2 គឺជាផ្កាយរណបទំនាក់ទំនង ខណៈផ្កាយរណប VNRedSat 1 ជាប្រភេទផ្កាយរណបសង្កេតការណ៍អុបទិច។ ផ្កាយរណបទាំង ០៣គ្រឿងនេះ ត្រូវបានបាញ់បង្ហោះដោយទីភ្នាក់ងារអវកាសអឺរ៉ុប ESA៕