(ប៉េកាំង)៖ ក្រុមរដ្ឋអាជា្ញចិននៅថ្ងៃសុក្រនេះបានឱ្យដឹងថា អតីតអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុចិន លោក ចាង សៅជុន (Zhang Shaochun) ត្រូវបានចាប់ខ្លួនហើយពីបទសង្ស័យថា លោកមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។
លោក Zhang Shaochun ត្រូវបានប៉ូលិសបើកការស៊ើបអង្កេត បន្ទាប់ពីមានការចោទប្រកាន់ថា លោកបានរំលោភធ្ងន់ធ្ងរលើវិន័យ និងច្បាប់នៅក្នុងយុទ្ធនាការបោសសំអាតអំពើពុករលួយ របស់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង។ ក៏ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ការចាប់ខ្លួនលោក Shaochun ធ្វើឡើងក្រោយមេប៉ូលិសអន្តរជាតិ Interpol លោក ម៉េង ហុងវ៉ៃ (Meng Hongwei) ត្រូវបានប៉ូលិសចិនចាប់ខ្លួនពីបទសង្ស័យថា មានទាក់ទិននឹងឧក្រិដ្ឋកម្ម និងអំពើពុករលួយដូចគ្នា។
គួរជម្រាបថា បើតាមកាសែត South China Morning Post ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងលោក Meng Hongwei អាយុ ៦៤ឆ្នាំ គឺជាជនជាតិចិនដំបូង ដែលបានឡើងកាន់តំណែងជាប្រធានស្ថាប័នប៉ូលិសអន្តរជាតិ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង លីយ៉ុង (Lyon) ប្រទេសបារាំង។ លោក ម៉េង ហុងវៃ ក៏ជាអតីតអនុរដ្ឋមន្ត្រីសន្តិសុខសាធារណរបស់ចិនផងដែរ។
លោកត្រូវបានចាប់ខ្លួនភ្លាមៗដោយអាជ្ញាធរប៉ូលិសចិន រួចយកទៅសួរនាំបន្ទាប់ពីយន្តហោះរបស់លោកចុះចតនៅលើទឹកដីចិនមិនបានប៉ុន្មានផងនោះ ក្រោយលេចលឺដំណឹងថា លោកបានបាត់ខ្លួនតាំងតែពីថ្ងៃ២៥ ខែកញ្ញាកន្លងទៅមកម្ល៉េះ តាមរយៈពាក្យបណ្តឹងរបស់ភរិយាលោកនៅទីក្រុង លីយ៉ុង ទៅកាន់សមត្ថកិច្ចបារាំង ប៉ុន្តែមកទល់ពេលគេនៅមិនទាន់ទទួលបានដំណឹងថា អាជ្ញាធរចិនពេលណាទើបកាត់ទោសលោក Meng ជាផ្លូវការនោះឡើយ៕