(ហាណូយ)៖ ប៉ូលិសវៀតណាមកំពុងបើកការស៊ើបអង្កេតមួយ ជុំវិញករណីផ្ញើសារគំរាមសម្លាប់ ទៅកាន់ក្រុមមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ មកពីការិយាល័យប្រតិភូសភាជាតិវៀតណាម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន VN Express នៅរសៀលថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។
យោងតាម VN Express ក្រុមមន្ត្រីជាច្រើននាក់ នៃការិយាល័យប្រតិភូសភាជាតិវៀតណាមមកពីខេត្ត កាងទ្រី (Quang Tri), កាងប៊ិញ (Quang Binh), ធួធានហ័រ (Thua Thien-Hue), កាងណាម (Quang Nam), ហាទិញ (Ha Tinh), បាក់គាំង (Bac Giang) និងទីក្រុងហាណូយ ត្រូវបានគេរាយការណ៍ថា បានទទួលសារគំរាមសម្លាប់ពីជនអានាមិកតែមួយ។ VN Express មន្ត្រីជាន់ខ្ពស់យ៉ាងហោចណាស់ ០៧នាក់ បានទទួលសារគំរាមសម្លាប់។
ដោយឡែក ប៉ូលិសវៀតណាមក៏បានបញ្ជាក់ដែរថា សារគំរាមសម្លាប់ខាងលើមានអត្ថន័យតែមួយដោយថាលុយ ១០០លានដុង (៤,៤០០ដុល្លារ) ត្រូវបានផ្ដល់ឱ្យ ដើម្បីសម្លាប់ក្រុមមន្ត្រីជាន់ខ្ពស់ទាំងនេះ។ លើសពីនេះទៅទៀត សារនេះថែមទាំងបានទាមទារឱ្យអ្នកទទួលបានសារ វេលុយក្នុងចំនួនដូចគ្នាទៅក្នុងគណនីធនាគារមួយ នៅឯវៀតណាមភាគខាងត្បូងទៀតផង។ តែទោះជាយ៉ាងនេះក្ដី ប៉ូលិសវៀតណាមមិនទាន់អាចសន្និដ្ឋានថា តើជនអានាមិកនោះ បានលេខទូរស័ព្ទមន្ត្រីជានខ្ពស់វៀតណាមខាងលើ តាមរបៀបណានោះឡើយ។
គួរជម្រាបថា កាលពីឆ្នាំ២០១៧ លោក ដាវ តានកុង (Dao Tan Cuong) ជានាយករងនៃក្រុមហ៊ុន ផេត្រូលីមិច (Petrolimex Aviation Fuel JSC) មានសាខានៅទីក្រុង ដាណាង (Da Nang) ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ១៨ខែ សម្រាប់ការផ្ញើសារគំរាមទៅកាន់អតីតអភិបាលក្រុង Da Nang លោក ហ៊ូយិញ ដុកថូ (Huynh Duc Tho)៕