(វ៉ាស៉ីនតោន)៖ បណ្តាមេដឹកនាំនៃអារ៉ាប៊ីសាអូឌីត ត្រូវគេរាយការណ៍ថា ទំនងជាអាចឈានទៅដល់ឆ្លើយទម្លាក់កំហុស ទៅលើមន្រ្តីជាន់ខ្ពស់មួយរូបរបស់ខ្លួននៅទីបំផុត ជុំវិញការបាត់ខ្លួនយ៉ាងអាថ៌កំបាំងរបស់អ្នកកាសែត លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi)។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតអាមេរិក The New York Times ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។
បុគ្គល០៣រូបដែលប្រហែលជាដឹងលឺពីគម្រោងខាងលើ បានបង្ហើបប្រាប់សារព័ត៌មាន New York Times ថា អារ៉ាប៊ីសាអូឌីតនឹងទម្លាក់កំហុសទៅលើមេទ័ពម្នាក់ឈ្មោះថា អាម៉េដ អាល់អាស្ស៊ឺរី (Ahmed al-Assiri) ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់ព្រះរាជទាយាទ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman)។ ជុំវិញផែនការនោះមេដឹកនាំអារ៉ាប៊ីសាអូឌីត នឹងឆ្លើយទម្លាក់កំហុសយ៉ាងដូច្នេះថា «ព្រះរាជទាយាទ Bin Salman បានបញ្ជាលោក Assiri ឲ្យទៅចាប់ខ្លួន លោក Khashoggi ដើម្បីយកមកសួរចម្លើយ ប៉ុន្តែមេទ័ពរូបនោះអាចភ័ន្តច្រឡំ ឬមួយក៏ល្មើសការបង្គាប់ដោយខ្លួនឯង រហូតឈានដល់ការបង្កឲ្យបាត់បង់ជីវិត អ្នកកាសែតរូបនេះតែម្តង!។
ទន្ទឹមនឹងនេះ អាជ្ញាធរទីក្រុងអង់ការ៉ា ០២រូប បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រុមអ្នកស៉ើបអង្កេតតួកគី បានចាប់ផ្តើមសម្រុកឆែកឆេរនៅក្នុងព្រៃនៅជាយក្រុងអ៉ីស្តង់ប៊ុល ដើម្បីតាមរកសាកសពរបស់ Khashoggi។ ម៉្យាងវិញទៀត ក្រុមអ្នកស៉ើបអង្កេតក៏ប្រមូលបានគំរូតាងជាច្រើនផងដែរ ពីស្ថានកុលស៊ុលអារ៉ាប៊ីសាអូឌីត ហើយកំពុងរៀបចំធ្វើតេស្តផ្ទៀងផ្ទាត់ DNA របស់អ្នកកាសែតរូបនោះ។ ក្រៅពីនេះក៏មានសេចក្តីរាយការណ៍ផងដែរថា ជនសង្ស័យមួយចំនួន ដែលអាជ្ញាធរតួកគីកំណត់អត្តសញ្ញាណបាន គឺមានជាប់ពាក់ព័ន្ធជាមួយព្រះអង្គម្ចាស់ Bin Salman។
គួរជម្រាបថា លោក Khashoggi ដែលអ្នកកាសែតរបស់សារព័ត៌មានអាមេរិក Washington Post និងជាអ្នករិះគន់លើព្រះអង្គម្ចាស់ Mohammed bin Salman នោះ បានបាត់ខ្លួន ក្រោយពីត្រូវបានគេប្រទះឃើញជាលើកចុងក្រោយ ដើរចូលទៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត នៅអ៉ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលា ដើម្បីយកឯកសារត្រៀមសម្រាប់ការរៀបអាពាហ៍ពិពាហ៍៕