​(អង់ការ៉ា)៖ ប៉ូលិសតួកគី​ដែលកំពុងស៊ើបអង្កេត​ ករណីបាត់ខ្លួនរបស់​អ្នកសារព័ត៌មាន​ម្នាក់គឺលោក ចាម៉ាល់ ខាហូកជី (Jamal Khashoggi) ត្រូវបានគេរាយការណ៍ថា បានពង្រីកការស៊ើបអង្កេត និងស្វែងរកចូល​ទៅក្នុងព្រៃមួយស្ថិតក្បែរ​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអឌីត​ប្រចំាទីក្រុង​អីស្ដង់ប៊ូល ជាទីដែលអ្នក​សារព័ត៌មានរូបនេះ​បាត់ខ្លួន កាលពីជាងពីរសប្ដាហ៍មុន។ នេះបើ​តាមការចេញ ផ្សាយដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។

មន្ត្រីជាន់ខ្ពស់​តួកគីម្នាក់ បានប្រាប់សារ​ព័ត៌មាននៅក្នុងស្រុក ក្នុងលក្ខខណ្ឌមិនបញ្ចេញ​ឈ្មោះថា សាកសព​របស់លោក Khashoggi ប្រហែលជា​ត្រូវបានគេយក​ទៅបោះចោល​ នៅក្នុងព្រៃមួយ​ក្បែរស្ថាន​កុងស៊ុល។ លោក Khashoggi បានបាត់ខ្លួន​យ៉ាងអាថ៌កំបាំង បន្ទាប់ពីចូលក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូលកាលពីថ្ងៃទី២ ខែតុលា ដើម្បីទទួលឯកសាររៀបអាពាហ៍ពិពាហ៍របស់លោក។

ក៏ប៉ុន្តែ​គេមិនបានឃើញ​លោក ចេញមកខាង​ក្រៅវិញ​នោះទេ ខណៈអាជ្ញាធរតួកគី​បានអះអាងថា លោកត្រូវ​បាន​គេសម្លាប់ និងការកាត់​សាកសពជាកង់ៗ​នៅក្នុង​ស្ថានកុងស៊ុល ហើយទើប​យកទៅបោះចោល​នៅកន្លែង​ណាមួយ។ តែយ៉ាង​នេះក្ដី អារ៉ាប៊ីសាអូឌីត​បានអះអាងថា ខ្លួនមិន​បានដឹងថាមានអ្វីកើតឡើង​ចំពោះលោក Khashoggi ដោយថា លោកបានចេញ​ពីស្ថានកុងស៊ុល​ដោយសេរី។

គួរបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់តួកគីម្នាក់ទៀត កាលពីថ្ងៃព្រហស្បតិ៍ ក៏បានប្រាប់ ABC ផងដែរថារដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ បានស្ដាប់​សំឡេង​ខែ្សអាត់​ពាក់ព័ន្ធ​នឹង​ស្លាប់របស់​លោក Khashoggi រួចរាល់ហើយ តែខាងក្រសួង​ការបរទេស​អាមេរិក​បដិសេធ រីឯខែ្សអាត់​សំឡេងនេះមិនទាន់ត្រូវបានអាជ្ញាធរតួកគី​ចេញផ្សាយជា
សាធារណ​ឡើយ។

ម្យ៉ាងវិញទៀត​មន្ត្រីរូបនេះ​ដដែលថែមទាំងបានអះអាងដែរថា ភស្តុតាង​ដែលយកចេញពី​ស្ថានកុងស៊ុល អារ៉ាប៊ីសាអូឌីត នៅក្នុងអំឡុង​ការចុះឆែកឆេរ​កំពុងត្រូវបាន​គេពិនិត្យផ្ទៀងផ្ទាត់​ទៅនឹង DNA របស់លោក Khashoggi៕