(អាមេរិក)៖ អង្គការ NASA បានឲ្យដឹងថា ទីអវសានរបស់កែវយឺតអវកាស Kepler កាន់តែជិតដល់មែនហើយ ខណៈជីវិតរបស់វាអាចនឹងត្រូវបញ្ចប់ភ្លាមៗ និងពុំមានការប្រាប់ឲ្យដឹងជាមុននោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Science Magazine នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។
បច្ចុប្បន្ននេះដោយសារឧបករណ៍តម្រង់ទិសមួយចំនួនរបស់ Kepler បានខូចទៅហើយនោះ កែវយឺតអវកាសនេះ កំពុងក្រឡេកទៅលើតំបន់ផ្ទៃមេឃមួយកន្លែង ដែលមានផ្ទុកផ្កាយប្រហែល ១៥០,០០០ដួង ដោយពុំអាចងាកកាណុងកែវយឺតហើយឆ្លុះទៅទីតាំងផ្សេងទៀតបានឡើយ ដោយនេះគឺជាសមត្ថភាពចុងក្រោយដែលវាអាចធ្វើបាន មុននឹងរលត់ម៉ាស៊ីនជាផ្លូវការ។
មុនពេលមានកែវយឺតអវកាស Kepler តារាវិទូបានរកឃើញភពអេលៀននៅក្រៅប្រព័ន្ធព្រះអាទិត្យ (Exoplanet) តែប៉ុន្មានរយភពប៉ុណ្ណោះ ដែលភាគច្រើនជាភពឧស្ម័នយក្ស ស្ថិតនៅយ៉ាងកៀកជាមួយផ្កាយមេរបស់ពួកវា តាមរយៈកែវយឺត និងតេឡេស្កូបធំៗនៅលើភពផែនដីផ្ទាល់តែម្តង ប៉ុន្តែក្រោយពី Kepler ហោះទៅកាន់ផ្ទៃមេឃ មនុស្សនៅលើផែនដីពិតជាបានភ្លឺភ្នែក និងរីករាយទទួលយកវត្តមានភពថ្មីៗជាច្រើនទៀត។
គួរជម្រាបថា កែវយឺតអវកាស Kepler ដែលមានតម្លៃ ៦៩២លានដុល្លារនេះ ត្រូវបានបាញ់បង្ហោះឡើងទីអវកាសកាលពីឆ្នាំ២០០៩ ហើយគិតមកទល់ពេលនេះវាបានរកឃើញ Exoplanet ជិត ៦,០០០ភព ដោយក្នុងនោះ ២,៦៥០ភព ត្រូវបានគេផ្ទៀតផ្ទាត់ថា ពិតជាភពអេលៀនមែន ដែលអាចមានលទ្ធភាពទ្រទ្រង់ជីវិតដោយសារតែគន្លងគោចររបស់វា ស្ថិតនៅក្នុងតំបន់អំណោយផល (Habitable Zone) ដែលដូចនឹងលក្ខណៈនៃគន្លងគោចររវាងភពផែនដី និងព្រះអាទិត្យយើងដែរ។
យ៉ាងណាមិញ ទោះបីជាបេសកកម្ម Kepler នឹងត្រូវបញ្ចប់នាពេលឆាប់ៗក៏ដោយ កែវយឺតអវកាសមួយផ្សេងឈ្មោះថា TESS ដែលបាញ់បង្ហោះកាលពីខែមេសា ដើម្បីស្វែងរក Exoplanet នោះបានរកឃើញភពអេលៀនចំនួន ០២ រួចស្រេចទៅហើយ។ ដោយឡែកសម្រាប់សំនួរដែរថា តើយើងអាចទាញយកសាកសពរបស់ Kepler ត្រឡប់មកផែនដីវិញ ឬក៏អត់នោះ គឺមិនទាន់មានការបញ្ជាក់ឡើយ៕