(ម៉ិចស៊ីកូ)៖ រដ្ឋាភិបាលម៉ិចស៊ីកូនឹងស្នើសុំជំនួយពី ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន UNHCR ឱ្យជួយដោះស្រាយបញ្ហាលំហូរជនភៀសខ្លួន មកពីបណ្ដាប្រទេសអាមេរិកកណ្ដាល ដែលកំពុងសម្រុកចូលមកកាន់ តំបន់ព្រំដែនភាគខាងត្បូងរបស់ម៉ិចស៊ីកូ។ នេះបើតាមក្រសួងការបរទេសម៉ិចស៊ីកូ ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រសួងការបរទេសម៉ិចស៊ីកូបានលើកឡើងថា ជំនួយពី UNHCR គឺមានភាពចំាបាច់ណាស់ក្នុងការគ្រប់គ្រង រាល់កម្មវិធីជនភៀសខ្លួនទាំងអស់ និងដើម្បីបញ្ជៀសការបោកបញ្ឆោតរបស់ក្រុមឧក្រិដ្ឋជនអន្តរជាតិ ក្នុងការជួញដូរមនុស្ស។
បន្ថែមពីលើនេះ ក្រសួងការបរទេសម៉ិចស៊ីកូក៏បានឱ្យដឹងដែរថា ជនភៀសខ្លួន ២,០០០នាក់ បានធ្វើដំណើរមកពីប្រទេសហុងដូរ៉ាស់ ឆ្ពោះមកកាន់ប្រទេសហ្កាតេម៉ាឡា ដើម្បីចូលមកកាន់ព្រំដែនអាមេរិក-ម៉ិចស៊ីកូ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានព្រមានដែរថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយកងទ័ព ហើយបិទច្រកព្រំដែនជាមួយម៉ិចស៉ីកូ សំដៅបញ្ឈប់លំហូរជនភៀសខ្លួនមកពីប្រទេសហ្កាតេម៉ាឡា ហុងដូរ៉ាស់ និងអែល សាវ៉ាឌ័រ៕