(ការ៉ាកាស់)៖ ក្រសួងការបរទេសវេណេស៊ុយអេឡាបានប្រកាសថា អគ្គរដ្ឋទូតស្ដីទីអេក្វាឌ័រគឺជាមនុស្សមិនត្រូវបានទទួលស្វាគមន៍ ហើយលោកមានពេល ៧២ម៉ោង ដើម្បីវេចបង្វិចចាកចេញពីប្រទេសវេណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។
ការសម្រេចចិត្តខាងលើរបស់វេណេស៊ុយអេឡា ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលអេក្វាឌ័រ បានបណ្ដេញអគ្គរដ្ឋទូតរបស់ខ្លួនចេញពីរដ្ឋធានី Quito។ ក្រសួងការបរទេសវេណេស៊ុយអេឡា បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដូច្នេះថា «រដ្ឋាភិបាលវេណេស៊ុយអេឡា អាចត្រឹមតែទាត់ចោលការជ្រៀតជ្រែក ជាប្រព័ន្ធក្នុងកិច្ចការផ្ទៃក្នុងរបស់វេណេស៊ុយអេឡា ពីសំណាក់ប្រធានាធិបតីអេក្វាឌ័រ លោក ឡេនីន ម៉ូរេណូ (Lenin Moreno) និងការបណ្ដេញអគ្គរដ្ឋទូតវេណេស៊ុយអេឡាពីរដ្ឋធានី Quito។
ដូច្នេះជាការឆ្លើយតប ក្រសួងការបរទេសវេណេស៊ុយអេឡាបានប្រកាសថា អគ្គរដ្ឋទូតស្ដីទីអេក្វាឌ័រលោកស្រី អេលីហ្សាប៊ែត មិនឌែស (Elizabeth Mendez) គឺជាមនុស្សមិនត្រូវបានទទួលស្វាគមន៍ និងមានពេល ៧២ម៉ោង ដើម្បីវេចបង្វិចចាកចេញពីប្រទេសវេណេស៊ុយអេឡា»។
គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ប្រទេសអេក្វាឌ័រ បានបណ្ដេញអគ្គរដ្ឋទូតវេណេស៊ុយអេឡាចេញពីប្រទេស ដោយសារតែរដ្ឋមន្ត្រីទូរគមនាគមន៍វេណេស៊ុយអេឡាលោក ហ្សក រ៉ូទ្រីហ្គែស (Jorge Rodriguez) បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយចាត់ទុកថា លោក Lenin Moreno គឺជាមនុស្សបោកប្រាសសម្រាប់ការនិយាយប្រាប់ UN ថា ប្រទេសអេក្វាឌ័របានទទួលជនភៀសខ្លួនវេណេស៊ុយអេឡា ៦,០០០នាក់ក្នុងមួយថ្ងៃ៕