(តេហេរ៉ង់)៖ ការដែលសហរដ្ឋអាមេរិកបានអះអាងថា ខ្លួននឹងធ្វើការកាត់បន្ថយការនាំចេញប្រេងរបស់អ៊ីរ៉ង់រហូតដល់ចំណុចសូន្យតែម្តងនោះ គ្រាន់តែជា «ការបោកបញ្ឆោតផ្នែកនយោបាយ» តែប៉ុណ្ណោះ ខណៈដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បានព្យាយាមធ្វើរឿងនេះជាច្រើនខែមកហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ ដកស្រង់សម្តីពីប្រធានក្រុមហ៊ុនប្រេងរដ្ឋអ៊ីរ៉ង់ NIOC លោក អាលី ខាដ័រ (Ali Kardor) នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។
លោក ខាដ័រ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រឹងប្រែងធ្វើអ្វីគ្រប់យ៉ាង ដែលលោកអាចធ្វើបានរួចទៅហើយ ដូច្នេះលោកពិតជាដឹងហើយថា ការធ្វើឲ្យវិស័យនាំចេញប្រេងរបស់ប្រទេសអ៊ីរ៉ង់ ធ្លាក់ទៅដល់ចំណុចសូន្យនោះ គឺគ្រាន់តែជាពាក្យបោកបញ្ឆោតផ្នែកនយោបាយប៉ុណ្ណោះ...»។
ប្រធានក្រុមហ៊ុនប្រេងរដ្ឋអ៊ីរ៉ង់រូបនេះ ក៏បានសង្កត់ធ្ងន់ទៀតថា «ទោះបីជាយើងកំពុងរងការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ និងធនាគារពីសំណាក់អាមេរិក៏ដោយ ក៏យើងមិនលំបាកក្នុងការទូទាត់ប្រាក់ចំណូលពីការនាំចេញប្រេងនោះដែរ ហើយយើងក៏អាចទទួលយកលុយអឺរ៉ូជំនួយលុយដុល្លារក្នុងការទូទាត់ក៏បាន ប្រសិនបើអាចទៅរួច។ វាគ្មានបញ្ហានោះទេសម្រាប់រឿងនេះ ព្រោះយើងនៅមានសហភាពអឺរ៉ុបគាំទ្រ...»។
គួរបញ្ជាក់ថា ការលើកឡើងរបស់ប្រធានក្រុមហ៊ុនប្រេងរដ្ឋអ៊ីរ៉ង់ខាងលើនេះ គឺកើតមានឡើងបន្ទាប់ពីការព្រមានរបស់សហរដ្ឋអាមេរិក ព្រមទាំងទង្វើដែលបាននិងកំពុងកើតមានឡើងជាក់ស្តែង ដោយអាមេរិកបានគាបសង្កត់ឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនទាំងអស់ ឈប់ទិញប្រេងពីប្រទេសអ៊ីរ៉ង់ ដើម្បីជាការដាក់ទណ្ឌកម្មចំពោះសកម្មភាពអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី និងតំបន់មជ្ឈិមបូព៌ា៕