(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីតអាចនឹងលុបចោលកិច្ចសន្យាទិញអាវុធ មានតម្លៃរាប់ពាន់លានដុល្លារ ហើយងាកទៅទិញអាវុធពីរុស្ស៊ីវិញ បើសិនជាសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងរីយ៉ាដ ជុំវិញការបាត់ខ្លួនរបស់អ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីតម្នាក់។ នេះបើតាមសម្តីអ្នកជំនាញសេដ្ឋកិច្ចលោក ម៉ាមដួហ៍ សាឡាម៉េហ៍ (Mamdouh G. Salameh) ដកស្រង់ដោយសារព័ត៌មាន Russian Today នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។
លោក Mamdouh G. Salameh បានធ្វើការកត់សម្គាល់បែបនេះនៅក្នុង បទសម្ភាសន៍ជាមួយ Russian Today ដោយលោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក មិនគួរមើលស្រាលពីលទ្ធភាពសងសឹករបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងនឹងការដាក់ទណ្ឌកម្មនោះទេ... ព្រោះកាលពីឆ្នាំ១៩៧៣ អារ៉ាប៊ីសាអូឌីតធា្លប់បានធ្វើឱ្យសេដ្ឋកិច្ច និងទីផ្សារអាមេរិកជួបភាពវឹកវរយ៉ាងខ្លាំងម្ដងរួចមក ហើយ តាមរយៈការបញ្ឈប់ការលក់ប្រេងឱ្យអាមេរិក»។
លើសពីនេះទៅទៀត បើតាមជាអ្នកជំនាញរូបនេះដដែល អារ៉ាប៊ីសាអូឌីតអាចនឹងលុបចោលកិច្ចសន្យាទិញអាវុធ ពីសហរដ្ឋអាមេរិកដែលមានតម្លៃប្រហែលពី ១០០ពាន់លាន ដល់ ២០០ពាន់លានក្នុងមួយឆ្នាំៗ ហើយងាកទៅទិញអាវុធពីរុស្ស៊ី ឬក៏បង្កើនទំនាក់ទំនងរកស៊ីផ្នែកប្រេងជាមួយចិន។
គួរបញ្ជាក់ថា បច្ចុប្បន្នអារ៉ាប៊ីសាអូឌីតកំពុងរងសម្ពាធយ៉ាងខ្លាំង ពីបណ្ដាប្រទេសលោកខាងលិច ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកផងដរ ពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន Washington Post លោក ចាម៉ាល់ ខានហូកជី (Jamal Khashoggi) ដែលបានបាត់ខ្លួន បន្ទាប់ពីចូលក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល កាលពីជាង២សប្ដាហ៍មុន។
ចំណែកឯ អាជ្ញាធរតួកគីបានអះអាងថា ខ្លួនមានភស្ដុតាងបញ្ជាក់ថា លោក Khashoggi ត្រូវបានគេធ្វើទារុណកម្ម សម្លាប់ និងកាត់សាកសពជាកង់ៗនៅក្នុងស្ថានកុងស៊ុលនោះ។ ក៏ប៉ុន្តែអារ៉ាប៊ីសាអូឌីតបានច្រានចោលការចោទប្រកាន់នេះ ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមានថា នឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរជាទីបំផុតប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត បើសិនជាទីក្រុងរីយ៉ាដបានសម្លាប់លោក Khashoggi ដូចការសង្ស័យមែននោះ៕