(សេអ៊ូល)៖ សហរដ្ឋអាមេរិកបានសម្ដែងការជំទាស់យ៉ាងខ្លាំង ចំពោះគំរោងរបស់កូរ៉េខាងត្បូង និងកូរ៉េខាងជើង ក្នុង ការបង្កើតតំបន់គ្មានការហោះហើរពីលើតំបន់ព្រំដែនប្រទេសទាំងពីរ ហើយដែលនេះគឺជាសញ្ញាប្រេះសាំ្រចុងក្រោយ នៃទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។
នៅលើក្រដាសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មានគោលជំហរតែមួយក្នុងការដោះស្រាយជាមួយកូរ៉េខាងជើង ប៉ុន្តែធាតុពិតជាក់ស្ដែង សម្ព័ន្ធមិត្តទាំងពីរមានការខ្វែងគំនិតជាច្រើន ខណៈកូរ៉េខាងត្បូង និងកូរ៉េខាងជើងកំពុងដើរ ផ្លូវបន្ធូរបន្ថយភាពតានតឹងយោធា និងកសាងសេដ្ឋកិច្ចរវាងប្រទេសជាបងប្អូនបង្កើតទាំងពីរឡើងវិញ។ មួយវិញទៀត ការខ្វែងគំនិតគ្នានេះ ត្រូវបានគេមើលឃើញកាន់តែច្បាស់ បន្ទាប់ពីក្រុមមន្ត្រីអាមេរិកបង្ហាញការព្រួយបារម្ភថាកិច្ចព្រម ព្រៀងយោធារវាងទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូល អាចនឹងបំផ្លាញដល់ទំនាក់ទំនងយុទ្ធសាស្ត្រយោធារវាង អាមេរិក និងកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា បើតាម Reuters ការសម្ដែងការជំទាស់យ៉ាងខ្លាំងចំពោះគំរោងរបស់កូរ៉េខាងត្បូង និងកូរ៉េខាងជើង ក្នុង ការបង្កើតតំបន់គ្មានការហោះហើរពីលើតំបន់ព្រំដែនប្រទេសទាំងពីរ ត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេស អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីកូរ៉េខាងត្បូងរបស់លោក គឺលោកស្រី Kang Kyung-wha កាលពីសប្ដាហ៍មុន។
Reuters ផ្អែកលើប្រភពពីក្រុមមន្ត្រីកូរ៉េខាងត្បូង បានបន្ថែមទៀតថា តំបន់គ្មានការហោះហើរនេះនឹងចូលជាធរមាន នៅថ្ងៃទី១១ ខែវិច្ឆិកាខាងមុខនេះ ហើយវានឹងត្រូវពង្រីកវិសាលភាព ក្នុងចំងាយ៤០គីឡូម៉ែត្រនៅភាគខាងជើង និងខាងត្បូង នៃខ្សែបន្ទាត់តំបន់ព្រំដែនយោធានៅប៉ែកខាងកើត និងមានវិសាលភាព ២០គីឡូម៉ែត្រ នៅប៉ែកខាង លិច។
ក៏ប៉ុន្តែ ប្រភពដដែលក៏បានបញ្ជាក់ដែរថា លោក ប៉ុមប៉េអូ បានជំទាស់នឹងគំរោងនេះ ដោយសារតែវាធ្វើឱ្យប៉ះពាល់ ដល់ប្រតិបត្តិការហោះហើរ និងការធ្វើសមយុទ្ធយោធា ដ្បិតនៅក្នុងគំរោងបង្កើតតំបន់គ្មានការហោះហើរ បានរារាំង មិនឱ្យមានការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត គ្រាប់មីស៊ីល និងការហោះហើររបស់យន្ដហោះចម្បាំង៕