(ម៉ូស្គូ)៖ កងការពារដែនអាកាសនៃប្រទេសរុស្ស៉ី ត្រូវគេរាយការណ៍ថា នាពេលឆាប់ៗនេះនឹងទទួលបានប្រព័ន្ធមីស៉ីល S-400 ចំនួន​មួយគ្រឿង និង​ប្រព័ន្ធមីស៉ីល Pantsir-S ចំនួន០៣គ្រឿង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។

បើតាមសារព័ត៌មានរុស្ស៉ី TASS ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសឲ្យដឹងថា ខណៈក្នុងឆ្នាំ២០១៨នេះ កងការពារអាកាសរុស្ស៉ី​ ទទួលបានប្រព័ន្ធ S-400 ចំនួន០៣គ្រឿងរួចមកហើយនោះ ការប្រគល់ប្រព័ន្ធសព្វាវុធដ៏ទំនើបនេះថ្មីមួយគ្រឿងថែមទៀត រួមជាមួយ​​ប្រព័ន្ធ Pantsir-S ចំនួន០៣គ្រឿង នឹងប្រព្រឹត្តទៅប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខ។

គួរជម្រាបថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសរុស្ស៉ីបានសកម្មជាខ្លាំង ក្នុងការធ្វើទំនើបកម្មទៅលើ​សម្ភារយោធានិងសព្វាវុធ​របស់​ខ្លួន​។ បើតាមគម្រោងសម្រាប់ឆ្នាំ២០១៨ដល់ឆ្នាំ២០២៧ ទីក្រុងម៉ូស្គូ គ្រោងនឹងចាយលុយ​ប្រហែល​៣១៨ពាន់លានដុល្លារ ដើម្បីធ្វើ​ទំនើប​​កម្ម​​និង​បង្កើនអានុភាពឲ្យបរិក្ខាយោធារបស់រុស្ស៉ី៕