(ញូដេលី)៖ ចំនួនមនុស្សស្លាប់ដោយសារការវាយលុកពីព្យុះស៉ីក្លូន ទីធ្លី (Titli) នៅរដ្ឋ អូឌីហ្សា (Odisha) ភាគខាងកើតប្រទេសឥណ្ឌាបានកើនដល់ ៥៧នាក់ ខណៈទំហំនៃការបំផ្លិចបំផ្លាញ ដែលបង្កឡើងដោយគ្រោះធម្មជាតិនេះ គិតជាទឹកប្រាក់គឺប្រហែល ៣០០លានដុល្លារ។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលក្នុងតំបន់រងគ្រោះ ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។
ជាមួយគ្នានេះ អាជ្ញាធរក្នុងតំបន់បានបង្កើនកិច្ចខិតខំប្រឹងប្រែងស្តារ និងផ្តល់ការជួយសង្រ្គោះថែមទៀត ហើយប្រធានគណៈរដ្ឋមន្រ្តីប្រចាំរដ្ឋ Odisha ក៏បានដំឡើងប្រាក់ឧបត្ថម្ភរហូតដល់១៣,៥៨៨ដុល្លារ សម្រាប់ក្រុមគ្រួសារនៃជនរងគ្រោះម្នាក់ៗ ដែលបានបាត់បង់ជីវិតផងដែរ។
គួរជម្រាបថា ព្យុះស៉ីក្លូន Titli បានបោកបក់ទៅលើរដ្ឋ Odisha និងជះឥទ្ធិពលដល់រដ្ឋក្បែរខាង អាន់ដ្រា ប្រាដែស (Andhra Pradesh) កាលពីសប្តាហ៍មុនជាមួយកម្លាំងខ្យល់ពី ១៤០ ទៅ ១៦៥គីឡូម៉ែត្រមួយក្នុងមួយម៉ោង ដោយបានបន្សល់ទុកការខូចខាតយ៉ាងធំធេង៕