(ការ៉ាស់កាស)៖ រដ្ឋមន្ត្រី​ទំនាក់ទំនង និងព័ត៌មាន​វេណេស៊ុយអេឡា​លោក ហ្សក រ៉ូទ្រីហ្គែស (Jorge Rodriguez) បានប្រកាស​ឱ្យដឹងថា ជនសង្ស័យ ០៣នាក់បន្ថែម​ទៀតត្រូវបានចាប់ខ្លួន​ពីបទសង្ស័យថា ពួកគេមាន​ជាប់ពាក់ព័ន្ធនឹង​ប៉ុនប៉ងសម្លាប់​ លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌរ៉ូ មិនបានសម្រេច​កាលពីខែសីហា​កន្លងទៅ។ នេះបើតាមការ​ចេញផ្សាយដោយ ​ទីភ្នាក់ងារ​​ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។​

លោក Jorge Rodriguez បញ្ជាក់ដូចខាងលើនេះ ​នៅក្នុងសេចក្ដីថ្លែងការណ៍​មួយចេញផ្សាយនៅថ្ងៃពុធ​។ លោក Rodriguez បានអះអាងទៀតថា ក្នុង​ចំណោម​ជនសង្ស័យ​ទាំង ០៣នាក់ ខាងលើ​ដែលត្រូវបានចាប់ខ្លួននោះ ​ក៏មានមន្ត្រីទ័ពអាកាស​ចូលនិវត្តន៍​មួយរូបផងដែរ​ឈ្មោះ រ៉ាហ្វាអែល ឌីយ៉ាស (Rafael Diaz)។ បន្ថែមពីលើនេះ លោករដ្ឋមន្ត្រី​ក៏បានអះអាងដែរថា តាមរយៈការចាប់ខ្លួន​អាចនឹងជួយឱ្យអាជ្ញាធរ​វេណេស៊ុយអេឡា​វែកមុខអ្នក​បញ្ជា និងរៀបចំគំរោង​សម្លាប់លោក ម៉ាឌូរ៉ូ។

គួររលឹកថា អំឡុងពិធីរំលឹក​ខួបលើកទី ៨១ នៃឆ្មាំជាតិ​វេណេស៊ុយអេឡា កាលពី​ថ្ងៃទី០៤ ខែសីហា មានយន្ដហោះដ្រូន​បំពាក់គ្រាប់បែក​ពីរគ្រឿង ត្រូវបាន​គេបញ្ជាឱ្យហោះ​ទៅក្បែរ​លោក ម៉ាឌូ និងបំផ្ទុះវា​នៅពេលលោក​កំពុងថ្លែង​សុន្ទរកថា។ ចំណែកឯ​លោក ម៉ាឌូរ៉ូ បានចោទប្រកាន់​ដោយមិនបាន​បង្ហាញភស្ដុង​តាង សហរដ្ឋអាមេរិក និងកូឡុំប៊ី​ជាអ្នកនៅពីក្រោយ​ការវាយប្រហារ​នេះ៕