(វ៉ាស៉ីនតោន)៖ មន្រ្តីជាន់ខ្ពស់ម្នាក់នៅកងទ័ពអាកាសអាមេរិក បានបង្ហាញពីក្តីព្រួយបារម្ភថា យានរុករក និងផ្កាយរណបទំនាក់ទំនងក្នុងបេសកកម្មស្រាវជ្រាវនៅឋានព្រះច័ន្ទរបស់ចិន អាចនឹងត្រូវប្រើប្រាស់ធ្វើជាសព្វាវុធ ដើម្បីវាយប្រហារកម្ទេចបណ្តាញឧបករណ៍របស់សហរដ្ឋអាមេរិកនៅក្នុងទីអវកាសនាថ្ងៃណាមួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។
នាប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកបានសង្កេតឃើញថា ទីភ្នាក់ងារអវកាសចិន CNSA បានបង្កើនសន្ទុះកម្មវិធីរុករកឋានព្រះច័ន្ទយ៉ាងស្វាហាប់ ហើយការជំហានដ៏វែងមួយនោះ គឺត្រូវបានធ្វើឡើងកាលពីឧសភាកន្លងទៅ នៅពេលដែលប្រទេសចិនបានបញ្ជូនផ្កាយរណបមួយគ្រឿងឈ្មោះ ខេកៅ (Queqiao) ឲ្យទៅកាន់ទីអវកាស នៅក្បែរផ្នែកខាងទៀតរបស់ព្រះច័ន្ទ ដែលមិនបែរមករកផែនដី។
ទីភ្នាក់ងារ CNSA បានបញ្ជាក់ថា ផ្កាយរណបខាងលើនឹងត្រូវប្រើប្រាស់ជាឧបករណ៍សម្រាប់បញ្ជូនសញ្ញា និងទិន្នន័យបន្ត ដើម្បីជួយសម្របសម្រួលដល់ការទំនាក់ទំនងរវាងផែនដី និងយានរុករកនៅលើផ្ទៃនៃតំបន់របស់ព្រះច័ន្ទ ដែលគេហៅថា The Dark Side ឬ Far Side of the Moon។
ជុំវិញបេសកកម្មនេះ លោក ចេហ្វ ហ្គោស្សេល (Jeff Gossel) ដែលជាមន្រ្តីវិស្វករជាន់ខ្ពស់នៃកងទ័ពអាកាសអាមេរិក បានលើកឡើងថា ទីតាំងយ៉ាងពិសេសរបស់ផ្កាយរណប Queqiao ដែលស្ថិតនៅចំណុច ឡេក្រេនកៀន ២ (Lagrangian-2 ឬ L2 ចម្ងាយ២៧៩,៦០០គីឡូម៉ែត្រពីភពរបស់យើង) នៃប្រព័ន្ធព្រះច័ន្ទ-ផែនដីនោះ អាចជាផ្នែកគន្លឹះនៃយុទ្ធនាការធ្វើសង្រ្គាមក្នុងទីអវកាសរបស់ចិន ប្រឆាំងនឹងបណ្តាញផ្កាយរណបរបស់សហរដ្ឋអាមេរិក។
គួរជម្រាបថា បើតាមការបញ្ជាក់ពីចិន ទីតាំងខាងលើនឹងក្លាយចំណុចយ៉ាងសំខាន់ សម្រាប់ការសម្របសម្រួលដល់បេសកកម្ម នៅឋានព្រះច័ន្ទយ៉ាងតិចចំនួន ០៤ ដែលត្រូវបានគ្រោងទុក។ ជាដំបូងយានរុករកឈ្មោះថា ឆាងអឺ ៤ (Chang'e-4) នឹងធ្វើដំណើរទៅកាន់តំបន់ Far Side របស់ព្រះច័ន្ទនៅមុនដំណាច់ឆ្នាំនេះ ហើយបេសកកម្ម ០២ទៀត នឹងធ្វើឡើងនៅប៉ូលទាំងពីររបស់ព្រះច័ន្ទ ខណៈចុងក្រោយគឺជាការបញ្ជូនមនុស្សឡើងទៅកាន់ព្រះច័ន្ទ។
យ៉ាងណាមិញ ខណៈដែលអាមេរិកកំពុងមានការព្រួយបារម្ភថា ចិនអាចនឹងប្រើប្រាស់ទីតាំងពិសេសខាងលើ ដើម្បីឆ្មក់វាយប្រហារលើបណ្តាញផ្កាយរណបទំនាក់ទំនង និងស៉ើបការណ៍របស់ខ្លួននោះ សហរដ្ឋអាមេរិកខ្លួនឯង ក៏ធ្លាប់បានបញ្ជូនផ្កាយរណប ០២គ្រឿង រួចស្រេចទៅហើយទៅកាន់ចំណុច L2 នៃប្រព័ន្ធព្រះច័ន្ទ-ផែនដីផងដែរ៕