(អ៉ីស្រាអែល)៖ បន្ទាប់ពីមានការផ្លោងគ្រាប់រ៉ុក្កែតពីតំបន់ហ្គាហ្សា អ៉ីស្រាអែលកំពុងគម្រោងរៀបចំបើកប្រតិបត្តិការយោធាឆ្លើយតបទៅវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។
ក្រោយពីរ៉ុក្កែតមួយគ្រាប់មកពីតំបន់ហ្គាហ្សាស្រ្ទីប (Gaza Strip) បានបាញ់ចំអគារមួយកន្លែង ក្នុងទីក្រុង ប៊ែអឺ ហ្សេវ៉ា (Be'er Sheva) នាយករដ្ឋមន្រ្តីអ៉ីស្រាអែល ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) រួមជាមួយរដ្ឋមន្រ្តីការពារជាតិ និងមន្រ្តីកិច្ចការសន្តិសុខឯទៀតៗ បានធ្វើការពិភាក្សាគ្នាអំពីការឆ្លើយតបផ្នែកយោធាបកទៅវិញ។
គួរជម្រាបថា ក្នុងឱកាសនោះប្រមុខការពារជាតិអ៉ីស្រាអែល លោក អាវីលដ័រ ឡៃប៊ឺមិន (Avigdor Liberman) បានព្យាយាមបញ្ចុះបញ្ចូលឲ្យមានការបើកប្រតិបត្តិការយោធា ដើម្បីទប់ស្កាត់សកម្មភាពបង្ករឿងកាន់តែឡើងដៃថែមទៀត ពីតំបន់ហ្គាហ្សា បន្ទាប់ពីរូបលោកធ្លាប់អះអាងថា មានតែការវាយប្រហារយ៉ាងចាស់ដៃទៅលើក្រុមហាម៉ាស់ប៉ុណ្ណោះ ទើបអាចបញ្ចប់អំពើហិង្សានៅព្រំដែនតំបន់ហ្គាហ្សា ហើយដោះស្រាយជម្លោះជាមួយប៉ាឡេស្ទីន ដែលបានអូសបន្លាយមករាប់ទសវត្សរ៍បាន៕