(ម៉ូស្គូ)៖ ការបាញ់បង្ហោះគ្រាប់រ៉ុក្កែតដឹកជញ្ជូនធុនស្រាល Rokot-2 របស់រុស្ស៊ី អាចនឹងត្រូវធ្វើឡើងម្ដងទៀតនៅឆ្នាំ២០២១ ជាមួយការរំពឹងថា អាចនឹងរកប្រាក់ចំណូលប្រចាំឆ្នាំ ០៨ពាន់លាន rubles ឬ ១២០លានដុល្លារ បើសិនជាការសម្រេចចិត្តចាប់គំរោងនេះឡើងវិញ ត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ២០១៨នេះ។ នេះបើតាមប្រភពពីឧស្សហកម្មអវកាសរុស្ស៊ី ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។
ប្រភពខាងលើដដែលបានបញ្ជាក់ប្រាប់ Sputnik យ៉ាងដូច្នេះថា «ការបាញ់បង្ហោះ Rokot-2 អាចនឹងត្រូវធ្វើឡើងនៅឆ្នាំ២០២១ បើសិនជាការសម្រេចចិត្តចាប់ផ្ដើមគំរោងបាញ់បង្ហោះនេះឡើងវិញ ត្រូវបានធ្វើឡើងក្នុងឆ្នាំ២០១៨នេះ។ ម្យ៉ាងវិញទៀត ប្រសិនបើគំរោងនេះធ្វើឡើងនៅក្នុងឆ្នាំនេះមែន ប្រាក់ចំណូកប្រចាំឆ្នាំនឹងកើនឡើងពី ០២ពាន់លាន rubles ក្នុងមួយឆ្នាំ ហើយពេលដែលការបាញ់បង្ហោះលើកដំបូងធ្វើឡើង នោះប្រាក់ចំណូលអាចនឹងកើនដល់ ៨.៨ពាន់លាន rubles នៅត្រឹមឆ្នាំ២០២៤-២០២៥»។
គួរបញ្ជាក់ថា កាលពីខែសីហា ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានប្រកាសថា មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិកម្ម Khrunichev បានអភិវឌ្ឍ Rokot-2 ដោយបច្ចេកវិទ្យាគ្រប់គ្រងរុស្ស៊ី។ ចំណែកឯការវិនិយោគលើគំរោងខាងលើត្រូវបានគេប៉ាន់ប្រមាណថា ត្រូវចំណាយប្រាក់ ០៤ពាន់លាន rubles៕