(ញ៉ូដេលី)៖ អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Mobashar Jawed Akbar បានលាលែងពីតំណែង នៅថ្ងៃពុធសប្តាហ៍នេះ ស្របពេលដែលមានការចោទប្រកាន់ចំពោះរូបលោក ពីបទរំលោភផ្លូវភេទដោយស្ត្រីជាអ្នកសារព័ត៌មានជាច្រើននាក់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានចិន ស៊ីនហួ នាយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨។
លោក Akbar បានឲ្យដឹងថានៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកនឹងប្រឆាំងចំពោះ «ការចោទប្រកាន់មិនពិត» ដែលធ្វើឡើងចំពោះរូបលោក។ បន្ទាប់ពីមានការចោទប្រកាន់ ពីបទរំលោភផ្លូវភេទ ពីសំណាក់ក្រុមស្ត្រីជាអ្នកសារព័ត៌មានជាច្រើនរូប ដែលធ្លាប់បានធ្វើការជាមួយលោក កាលពីលោក នៅបម្រើការងារជាអ្នកនិពន្ធសារព័ត៌មាននោះ លោក Akbar បានដាក់ពាក្យបណ្តឹងពីបទបរិហារកេរ្តិ៍តបទៅវិញ នៅតុលាការទីក្រុង Delhi ប្រឆាំងនឹងស្ត្រីម្នាក់ក្នុងចំណោមស្ត្រីអ្នកសារព័ត៌មានទាំងនោះ។
ស្របពេលនោះ បន្ទាប់ពីលោក Akbar បានដាក់ពាក្យបណ្តឹងបរិហារកេរ្តិ៍ ប្រឆាំងនឹងស្ត្រីម្នាក់ ក្នុងចំណោមស្ត្រីជាអ្នកសារព័ត៌មាន ដែលបានចោទប្រកាន់រូបលោក ពីបទរំលោភផ្លូវភេទ រយៈពេលជាច្រើនឆ្នាំមកហើយ មានស្ត្រីជាអ្នកសារព័ត៌មាន ប្រមាណ២០នាក់ ដែលធ្វើការនៅក្រោមលោក នៅកន្លែងផ្សេងគ្នា នាពេលនោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថា ពួកគេក៏ស្នើឲ្យតុលាការ ធ្វើការពិចារណា លើភស្តុតាងនៃការបំពានផ្លូវភេទ លើរូបពួកគេ ដោយលោក Akbar និងអ្នកដទៃទៀត ដែលនឹងធ្វើជាសក្ខីភាពចំពោះការរំលោភបំពានផ្លូវភេទ របស់លោក៕