(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ទីបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន (UAF) បានបញ្ជាក់ថា នាយទាហានអាមេរិក និងអាកាសយានិកអ៊ុយក្រែនសរុបពីរនាក់ បានស្លាប់នៅក្នុងករណីធ្លាក់យន្តហោះប្រភេទ Su-27 របស់ទ័ពអាកាសអ៊ុយក្រែនផលិតដោយក្រុមហ៊ុនរុស្ស៊ី នៅភាគកណ្តាលប្រទេសអ៊ុយក្រែន៕
២៖ កងកម្លាំងឆ្មាំការពារបដិវត្តន៍នៃប្រទេសអ៉ីរ៉ង់ (IRGC) បានប្រកាសថា ទីបំផុតមេខ្លោងនៅពីក្រោយការវាយប្រហារ ដោយភេរវកម្មដ៏អាក្រក់កាលពីខែមុន នៅទីក្រុង អាវ៉ាស (Ahvaz) ភាគនិរតីអ៉ីរ៉ង់ ត្រូវបានកម្ចាត់ចោលហើយ នៅឯប្រទេសអ៉ីរ៉ាក់។
៣៖ ប្រទេសប៉ូឡូញនាថ្ងៃពុធនេះ បានចុះហត្ថលេខាលើកិច្ចសន្យាមួយស្តីពីការផ្គត់ផ្គង់ឧស្ម័នធម្មជាតិក្នុងទម្រង់ជាសារធាតុរាវ (LNG) ប្រមាណ ០២លានតោន ជារៀងរាល់ឆ្នាំសម្រាប់រយៈពេល ២០ឆ្នាំ ពីសហរដ្ឋអាមេរិក៕
៤៖ ចំនួនមនុស្សស្លាប់ដោយសារខ្យល់ព្យុះហឺរីខិន ម៉ៃខឺល (Michael) នៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងដល់ ២៩នាក់ហើយ ខណៈអាជ្ញាធរកំពុងតាមស្វែងរកមនុស្សបាត់ខ្លួនជាង ១,៣០០នាក់៕
៥៖ ប្រធានក្រុមអ្នកស៊ើបអង្កេត នៃអង្គការសហប្រជាជាតិ (UN) ដែលចោទប្រកាន់ថា យោធាមីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យ ពូជសាសន៍ប្រឆាំងនឹងជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា នឹងចូលខ្លួនធ្វើបទបង្ហាញនៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ UN នៅក្នុងខែតុលានេះ បន្ទាប់ពីបារាំង អង់គេ្លស សហរដ្ឋអាមេរិក និងប្រទេសជាសមាជិក ០៦ ផ្សេងទៀត ស្នើបើកកិច្ចប្រជុំជាបន្ទាន់មួយ៕
៦៖ ប្រធានាធិបតីតួកគីលោក រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) បានថ្លែងថា ប្រទេសតួកគីនឹងអាចធ្វើការបង្កើនប្រតិបត្តិការយោធារបស់ខ្លួន នៅភាគខាងកើតប្រទេសស៊ីរី ដែលខ្លួនកំពុងដាក់មូលដ្ឋាន ដោយតួកគីអះអាងថា វាជាការកសាងសន្តិភាពសម្រាប់តំបន់ទាំងមូល៕