(កៀវ)៖ ទីបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន (UAF) បានបញ្ជាក់ថា នាយទាហានអាមេរិក និងអាកាសយានិកអ៊ុយក្រែនសរុបពីរនាក់ បានស្លាប់នៅក្នុងករណីធ្លាក់យន្តហោះប្រភេទ Su-27 របស់ទ័ពអាកាសអ៊ុយក្រែនផលិតដោយក្រុមហ៊ុនរុស្ស៊ី នៅភាគកណ្តាលប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។
នៅក្នុងទំព័រ Facebook របស់ UAF បានបង្ហោះព័ត៌មានជាផ្លូវការថា «សាកសពរបស់អាកាសយានិកអាមេរិក និងមេបញ្ជាការរបស់គេត្រូវបានរកឃើញហើយ។ សាកសពមេបញ្ជាការរបស់នាយទាហានអាមេរិករូបនេះ គឺលោក អ៊ីវ៉ាន ផេត្រិនកូ (Ivan Petrenko) ត្រូវបានរកឃើញរួមជាមួយនឹងនាយទាហានអាមេរិក មានតួនាទីហ្វឹនហ្វឺនសមត្ថភាពនៅក្នុងសមយុទ្ធយោធានៅប្រទេសអ៊ុយក្រែន»។
គួរបញ្ជាក់ថា យន្តហោះ Su-27 បានធ្លាក់នៅក្នុងភូមិ យូឡានីវ (Ulaniv) នៃតំបន់ វីននីតស្យ៉ា (Vinnytsya) អំឡុងពេលសមយុទ្ធយោធាអន្តរជាតិ Clear Sky - 2018 ប្រារព្ធឡើង។ សមយុទ្ធនេះត្រូវបានធ្វើឡើងនៅអ៊ុយក្រែន តាំងតែពីថ្ងៃទី០៨ ខែតុលា និងគ្រោងបញ្ចប់នៅថ្ងៃទី១៩ ខែតុលា ដោយមានប្រទេសចំនួន ០៩ កំពុងចូលរួម។ មូលហេតុនៃការធ្លាក់នេះ គឺមិនទាន់មានការបញ្ជាក់ឡើយ៕